ក្រដាសប្រាក់ ១៥០០០រៀល គ្រោងនឹងបោះពុម្ពដាក់ឲ្យចរាចរណ៍នាពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបោះពុម្ពក្រដាសប្រាក់គំរូថ្មី ១៥០០០រៀល ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សានៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។

ទូរទស្សន៍ជាតិកម្ពុជាបានផ្សាយពីម្សិលមិញថា ដំណឹងនៃការបោះពុម្ពក្រដាសប្រាក់គំរូថ្មី១៥០០០រៀល ដែលនឹងគ្រោងដាក់ឲ្យចរាចរណ៍ឆាប់ៗនៅពេលខាងមុខនេះ ខណៈព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី០៣ ខែតុលានេះ បានព្រះរាជានុញ្ញាតឲ្យសម្តេច ហ៊ុន សែន និងលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ក្រោយពីមានការចេញផ្សាយនេះ មានអ្នកលេងបណ្ដាញសង្គមមួយចំនួនរិះគន់ពីការបោះពុម្ពក្រដាសប្រាក់គំរូថ្មីនេះ ដោយម្នាក់ក្នុងចំណោមជាច្រើននាក់ទៀតលើកឡើងថា៖«វាមិនចាំបាច់ទាល់តែសោះ ចំពោះក្រដាស ១៥០០០រៀលនេះ។ ធ្វើឲ្យពិបាករាប់ ពិបាកគិត និងពិបាកវិចខ្ជប់។ កាលណាវិចខ្ជប់ក្នុងចំនួនគត់ណាមួយ មិនអាចរក្សាទុកតែលុយក្រដាស់តែមួយប្រភេទបានទេ ត្រូវលាយជាមួយក្រដាស់ដែលមានតម្លៃផ្សេងទៀត។

ដោយលោកបានលើកឧទាហរណ៍ថា ១០ម៉ឺន ត្រូវមានក្រដាសនេះ៦សន្លឹក បូក ក្រដាសមានតម្លៃផ្សេងលាយគ្នា និង១លានរៀន ត្រូវមានក្រដាសនេះ ៦៦សន្លឹក បូកក្រាស់ដែលមានតម្លៃផ្សេងលាយ ដើម្បីបាន ១លាន។ វាធ្វើឲ្យមានភាពរញ៉េរញ៉ៃ ក្នុងការទុកដាក់។ លើសពីនេះ អាចនឹងមានការច្រឡំ ក្នុងការរាប់ ហើយផ្សេងៗទៀត៕