
ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនៈកិច្ចនេះរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ៧ ដោយក្នុងនោះភាគីទាំងពីរបានរៀបចំផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ។
សម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន។ ក្នុងនោះរួមមាន ទី១) កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្នុងទឹកប្រាក់ចំនួន ៣លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ខាងមុខ។
ទី២) កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មីសម្រាប់រដ្ឋសភាកម្ពុជា ទី៣) អនុស្សារណៈយោគយល់គ្នាទៅវិញទៅមករវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម លើកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើការងារគយចុះហត្ថលេខាដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេសទាំងពីរ។
ទី៤) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមតំបន់ព្រំដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា«ទី៥) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា»។
ចំណែក ទី៦) អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងទី៧) អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្តីពីសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី។
គួរបញ្ជាក់ថា សំណង់ផ្សារគំរូព្រំដែននៃកម្ពុជាដែលមានតម្លៃជាង២លានដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ ដែលមានទីតាំងស្ថិតនៅភូមិដា ឃុំដា ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំជាប់ព្រំដែនកម្ពុជា-វៀតណាម៕