
ភ្នំពេញ៖ ក្រដាស់ប្រាក់ប្រភេទ ១៥,០០០រៀល ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យប្រកាសឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។តាមអនុក្រឹត្យស្ដីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ១៥,០០០រៀល ដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នៅថ្ងៃទី ៧ ខែតុលានេះឲ្យដឹងថា៖ អនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងប្រទេសកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ប្រភេទ ១៥,០០០រៀល ទន្ទឹមនឹងបណ្ដាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។
អនុក្រឹត្យបញ្ជាក់ថា៖«ធនាគារជាតិនៃកម្ពុជាមានភារកិច្ចចេញសេចក្ដីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនប័ត្រអនុស្សាវរីយ៍ប្រភេទ ១៥,០០០រៀលនេះ»។ ការសម្រេចបោះពុម្ពក្រដាសប្រាក់គំរូថ្មី ១៥,០០០រៀល របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី៕