
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីសំណង់មាន ២២ជំពូក និងមាន១១១មាត្រា ត្រូវបានរដ្ឋសភាអនុម័តរួចរាល់ហើយ ដោយមន្ត្រីរំពឹងថា ច្បាប់សំណង់ថ្មីនេះនឹងជំរុញឲ្យវិស័យសំណង់នៅកម្ពុជាកាន់តែរីកចម្រើនថែមទៀត ស្របតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព សោភណភាព និងបរិស្ថាន។ការអនុម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃទី៧ ខែតុលានេះ ដោយក្នុងនោះអង្គប្រជុំបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខ។
លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៃរដ្ឋសភាបានថ្លែងថា ច្បាប់មានសារៈសំខាន់ណាស់ ដើម្បីជំរុញឲ្យវិស័យសំណង់ នៅកម្ពុជាកាន់តែរីកចម្រើនថែមទៀត ស្របតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាពសោភណភាព និងបរិស្ថាន។
លោកស្រីបន្តថា វាជាច្បាប់ដែលបង្កើតឡើងស្របពេលដែលវិស័យសំណង់ មានការរីកដុះដាល កាន់តែច្រើន និងមានលក្ខណៈកាន់តែធំខ្ពស់ៗ មានដូចជាអគារស្នាក់នៅរួមអគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ សំណង់ទីក្រុងរណប បុរីលំនៅឋានជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងក្នុងរដ្ឋសភាថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាក់តែងឡើងតាំងពីឆ្នាំ២០១៧មកម្ល៉េះ ដោយមានការចូលរួម ផ្តល់យោបល់ពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃ ប្រទេសជប៉ុនបានយ៉ាងល្អិតល្អន់ និងឆ្លើយតបតាមស្ថានភាពនៃការអភិវឌ្ឍនៅកម្ពុជា។លោកបន្តថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងពង្រឹងការគ្រប់គ្រងការងារទាំងឡាយក្នុង វិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈការពារផល ប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។ ជាមួយគ្នានេះ ក៏ពង្រឹងការ គ្រប់គ្រងការងារ នគរូបនីយកម្ម ដោយអភិវឌ្ឍន៍ទីក្រុងឲ្យមានសោភណភាព គុណភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាល ភាពសាធារណៈ៕