
ភ្នំពេញ៖អគារដ៏ថ្មីសន្លាងមួយតម្លៃ ៨លានដុល្លារសហរដ្ឋ អាមេរិកដែលជាមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT Center)នៅកម្ពុជា នឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ តាមរយៈការឧបត្ថមដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលត្រូវសាងសង់លើផ្ទៃដីជាង ៤០០០ម៉ែត្រក្រឡា នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។លោក កាង វ៉ាងវូក នាយករងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជាបានថ្លែងថា អគារថ្មីស្រឡាងនេះ នឹងចាប់ផ្តើមសាងសង់នៅចុងខែធ្នូ ឆ្នាំ២០១៩ ឬនៅដើមឆ្នាំ២០២។ គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដីជាង ៤០០០ម៉ែត្រក្រឡា នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។
លោកបន្តថា អគារនេះ នឹងត្រូវដាក់ឈ្មោះថា មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក (ENT Center) ដែលមានអគារមួយខ្នងកំពស់ ៥ជាន់ ហើយត្រូវបានបំពាក់សំភារៈទំនើបបំផុត ចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ធ្វើយ៉ាងណា ដើម្បីបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យឲ្យល្អប្រសើរមួយកម្រិតទៀត។
ក្រៅពីការលើកកំពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ នឹងត្រូវបានបង្កើនសមត្តិភាព តាមរយៈកម្មវិធីបណ្តុះបណ្តាល និង ការផ្ទេរចំណេះដឹង និង ចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។តាមការចុះផ្សាយរបស់កាសែតបរទេសមួយលើកឡើងថា មន្ទីរពេទ្យ ព្រះអង្គឌួង ជាមន្ទីរពេទ្យដ៏ចំណាស់ជាងគេមួយនៅប្រទេសកម្ពុជា។ តាមសំណង់អគារចាស់ៗរបស់មន្ទីរពេទ្យនេះមើលទៅសុទ្ធសឹងជាស្ថាបត្យកម្មចម្រុះរចនាប័ទ្មខ្មែរ និងលាយឡំបែបអាណានិគមនិយមខ្លះ។ សំណង់អគារទាំងនេះប្រហែលជាសាងសង់នាអំឡុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០កន្លងទៅនេះ៕