
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ប្រាប់ពីមូលហេតុដែលរាជរដ្ឋាភិបាលបានលុបចោលនូវ Online Casino ពីប្រទេសកម្ពុជា ដោយអះអាងថា កម្ពុជាបានពន្ធតិចតួចពេកតាមរយៈកាស៊ីណូអនឡាញនេះ ហើយវាក៏នាំមកការប្រឈមដូចជា ឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ដែលអាចធ្វើប៉ះពាល់ដល់សង្គម។ការលើកឡើងនេះ ក្នុងអំឡុងពេលសម្ដេច បានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន ជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ដើម្បីមានឱកាសរៀបរាប់អំពីទំនាក់ទំនងដែលមានជាយូរលង់រវាងកម្ពុជា និងចិន។ សម្ដេច ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា កម្ពុជាជាប្រទេសមួយដែលប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ។ ពោលគឺ ពឹងផ្អែកទៅលើកត្តាជាច្រើននៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។
សម្ដេចបន្តថា៖«ដូច្នេះគឺយើងធ្វើយ៉ាងណាត្រូវតែពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា និងធ្វើយ៉ាងម៉េចដើម្បីទាក់ទាញការវិនិយោគច្បាស់លាស់ តែមកវិនិយោគទៅលើវិស័យផ្សេងៗទៀត មិនមែនតែពឹងផ្អែកទៅលើកាស៊ីណូអនឡាញនោះទេ»។
សម្ដេចបញ្ជាក់ថា បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានលក្ខណៈកើនឡើងជាបន្តបន្ទាប់ ដែលចំនួននេះគោលដៅនៅក្នុងការធ្វើពាណិជ្ជកម្មដល់ឆ្នាំ២០២២ អាចកើនឡើងរហូតដល់ទៅ១០ពាន់លានដុល្លារ។ សម្ដេចបានមានប្រសាសន៍ទាក់ទងនឹងយន្តការដែលកម្ពុជាកំពុងតែសហការនឹងចិនទៅលើ ចំនុចសំខាន់ៗ ដូចជានៅក្នុងអនុតំបន់ គឺកិច្ចសហប្រតិបត្តិការលើមេគង្គឡានឆាង ក្នុងអនុតំបន់មេគង្គអាស៊ានចិន និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។
បច្ចុប្បន្ននេះ នៅមានសក្ដានុពលជាច្រើនក្នុងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារកន្លងមកនេះមានតំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន និងចិនអាស៊ាន តំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន ចិន ដែលគួរតែមើលនៅសក្តានុពលអាចនាំចេញផលិតផលកម្ពុជានាំចេញទៅកាន់ទីផ្សារចិន។ ក្នុងកិច្ចពិភាក្សានេះ សម្តេចបានជំរុញឲ្យសហគ្រិនចិនមកវិនិយោគ មកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាហើយកុំមានការភ័យព្រួយចំពោះចំណុចណានៅប្រទេសកម្ពុជាឲ្យសោះ ដោយសារតែចិន និងកម្ពុជាមានទំនាក់ទំនងល្អ មានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ៕