
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ០៨តុលានេះបានស្នើទៅថ្នាក់ដឹកនាំកំពូលចិន គឺប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង ឈាង នៅចំណុចសំខាន់ចំនួន ៣ចំណុច ប្រសិនបើប្រទេសកម្ពុជា ត្រូវបានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមអ៊ឺរ៉ុបក៏ដោយ។
ការលើកឡើងនេះ ក្នុងអំឡុងពេលសម្ដេច បានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន ជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ដើម្បីមានឱកាសរៀបរាប់អំពីទំនាក់ទំនងដែលមានជាយូរលង់រវាងកម្ពុជា និងចិន។តាមហ្វេសប៊ុកសម្ដេចបានឲ្យដឹងថា ក្នុងជំនួបនោះ សម្ដេច ហ៊ុន សែន បានស្វាគមន៍ដល់សមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមនាពេលនោះ។ សម្ដេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រៀបរាប់អំពីទំនាក់ទំនងដែលមានជាយូរលង់ណាស់មកហើយរវាងកម្ពុជា និងចិន ជាពិសេសសម្ដេចបានបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់យកនយោបាយចិនតែមួយ ដែលគោលនយោបាយចិនតែមួយនេះ គឺកម្ពុជាបានចាប់ផ្តើមតាំងពីសម័យសម្ដេចព្រះនរោត្ដម សីហនុ មកម្លេះ។
ក្នុងកិច្ចប្រជុំនេះសហគ្រិនដែលមកពីប្រទេសចិន គឺមកពីបណ្ដាខេត្តផ្សេងៗនៃប្រទេសចិនសុទ្ធតែអ្នកវិនិយោគសំខាន់ៗ ដែលគាត់មកសិក្សាអំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចបានលើកឡើងពាក់ព័ន្ធនឹងអ្វីដែលកន្លងមកនេះ សម្ដេចបានស្នើទៅថ្នាក់ដឹកនាំចិន ជាពិសេសលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង ឈាង នៅក្នុង៣ចំណុចសំខាន់៖ ទី១) សូមឲ្យក្រុមហ៊ុនចិនដែលកំពុងដាក់ទុននៅកម្ពុជាបន្ត វិនិយោគនៅកម្ពុជា ទោះបីជាមានការបញ្ហាអ្វីក៏ដោយ ជាពិសេសការដក EBA ពីកម្ពុជា គឺសម្ដេចស្នើសុំឲ្យចិននៅតែបន្តធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តទៀត។ ទី២) សម្ដេចមានប្រសាសន៍ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាឲ្យពាណិជ្ជករអ្នកវិនិយោគចិនថ្មីរបស់ចិនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាបន្ថែម ដើម្បីធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា គឺមានន័យថាថែរក្សាចាស់និងបង្កើនការវិនិយោគថ្មី។ និងទី៣) សម្ដេចបានស្នើទៅថ្នាក់ដឹកនាំចិន ត្រូវធ្វើយ៉ាងណាបន្តបើកទីផ្សារចិនឲ្យកាន់តែធំជាងមុនសម្រាប់ការនាំចូលផលិតផលកសិផលរបស់ប្រទេសកម្ពុជាទៅទីផ្សាររបស់ប្រទេសចិន៕