
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន នៅថ្ងៃទី ១០តុលានេះបានស្នើរឲ្យលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជាជួយកៀរគរអ្នកបច្ចេកទេស និងអ្នកជំនាញជប៉ុន មកសិក្សា វាយតម្លៃនៅទីក្រុងសៀមរាប ដើម្បីបង្កើតជាទីក្រុងឆ្នាតវៃ (Smart City) នៅក្នុងប្រទេសកម្ពុជា ខណៈភាគីជប៉ុនឯកភាពតាមសំណើរនេះ។
ក្រោយបញ្ចប់ជំនួបពិភាក្សានោះ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍បានឲ្យដឹងថា លោករដ្ឋមន្ត្រី ថោង ខុន និងឯកអគ្គរាជទូតជប៉ុន បានកត់សម្គាល់អំពីការអភិវឌ្ឍ និងការវិវត្តថ្មីៗលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ជាក់ស្តែងកាលពី ឆ្នាំ២០១៨កន្លងមក ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ៦លាន២សែននាក់ មានភ្ញៀវទេសចរជប៉ុនជាង ២០ម៉ឺននាក់ រីឯនៅ៧ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនសរុប ១៤ម៉ឺននាក់ ហើយភ្ញៀទេសចរជប៉ុននៅតែជាភ្ញៀវទេសចរដែលមានកំណើនសម្រាប់តំបន់ខេត្តសៀមរាប។
លោករដ្ឋមន្ត្រីបានស្នើឲ្យភាគីជប៉ុនជួយសិក្សារៀបចំខេត្តសៀមរាប ជាពិសេសក្រុងសៀមរាប និងក្រុងបាត់ដំបងជាទីក្រុងឆ្លាតវៃ (Smart City) ព្រោះភាគីជប៉ុនមានបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាបទពិសោធន៍ក្នុងការរៀបចំកិច្ចការទាំងអស់នេះ ព្រមជាមួយនឹងការជំរុញឲ្យមានការវិនិយោគលើវិស័យទេសចរណ៍កាន់តែច្រើន។
លើសពីនេះ លោក ថោង ខុន បានស្នើដល់ឯកអគ្គរាជទូតជប៉ុនជួយជំរុញឲ្យមានជើងហោះហើរត្រង់បន្ថែមទៀត ភ្ជាប់ទីក្រុងសំខាន់ៗរវាងប្រទេសជប៉ុន និងកម្ពុជា ដែលកន្លងមកនេះភាគីទាំងពីរមានជើងហោះហើរត្រង់ពីអាកាសយានដ្ឋានឡារីតា នៃទីក្រុងតូក្យូ មកកាន់រាជធានីភ្នំពេញ។ លោកសំណូមពរឲ្យភ្ជាប់ពីទីក្រុងតូក្យូមកកាន់ខេត្តសៀមរាប ក៏ដូចជាពីទីក្រុងសំខាន់ៗរបស់ជប៉ុនមកកាន់កម្ពុជា។
ជាការឆ្លើយតប លោកឯកអគ្គរាជទូតរបស់ជប៉ុន បានទទួលយកសំណូមពររបស់លោករដ្ឋមន្ត្រី ក៏ដូចជាជំរុញឲ្យអ្នកវិនិយោគ ក៏ដូចជាវិស័យឯកជននានារបស់ជប៉ុន មកវិនិយោគលើវិស័យទេសចរណ៍បន្ថែមទៀត ពិសេសជំរុញនូវលំហូរភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជា។
លោក ថោង ខុន បានអរគុណភាគីជប៉ុន ក្នុងនាមជាសហប្រធាន ICC-អង្គរ ដែលបានជួយអភិរក្សតំបន់ប្រាសាទអង្គរ ក៏ដូចជាខេត្តសៀមរាប និងបានសំណូមពរឲ្យភាគីជប៉ុនបន្តកិច្ចសហប្រតិបត្តិការនេះ រហូតទៅដល់ប្រាសាទសំបូរព្រៃគុកថែមទៀត ដើម្បីជួយផ្សព្វផ្សាយ ក៏ដូចជាជួយអភិរក្សប្រាសាទសំបូរព្រៃគុកនេះឲ្យកាន់តែមានភាពប្រសើរឡើង។ ព្រមជាមួយនឹងការស្នើសុំឲ្យភាគីជប៉ុនជួយជំរុញ ការផ្សព្វផ្សាយបណ្តាញបេតិកភណ្ឌ ភ្ជាប់តំបន់អង្គរទៅបឹងមាលា ប្រាសាទកោះកេរ និងព្រះវិហារ៕