
ភ្នំពេញ៖ លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ដែលមានម្ចាស់ភាគហ៊ុនធំជាជនជាតិជប៉ុន បានចំណាយទុនវិនិយោគប្រហាក់ប្រហែលជា ៧០ លានដុល្លារ ដើម្បីសាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាព ផ្តល់ភាពងាយស្រួល និងមានបរិស្ថានល្អសម្រាប់ពលរដ្ឋខ្មែរ ដែលមាន ចំណូលទាបនិងមធ្យម ហើយមានបំណងចង់រស់នៅផ្ទះបែបស៊ីវីល័យថ្លៃថ្នូរ នៅកណ្តាលក្រុងភ្នំពេញ ត្រូវបានប្រកាសលក់ជាផ្លូវការហើយ។
នៅក្នុងសន្និសិទ កាសែត កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានមានប្រសាសន៍ថា “លំនៅឋានបែបខុនដូនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងឲ្យប្រជាជនកម្ពុជាដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋក្រីក្រ បើទោះជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញលំនៅ ឋាន ខុនដូររបស់អារ៉ាខាវ៉ាបាន និងបានទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធ និងរស់នៅសមរម្យ ក្នុងខុនដូរទំនើប កណ្តាលទីក្រុងភ្នំពេញហ្នឹងគេ។ លោកថា សំណង់អាគារលំនៅដ្ឋានដែលលោក បង្ហាញនេះ មានទីតាំងស្ថិតនៅផ្លូវ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សាងសង់ លើផ្ទៃដីជាង១.៣ ហិចតា ហើយនៅក្នុងដំណាក់កាលទី១ មានចំនួន១០អគារ និងមានកំពស់ ២១ជាន់ស្មើៗគ្នា។
ចំណែក លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានមានប្រសាសន៍ដែរថា យើងខិតខំធ្វើយ៉ាងណាដើម្បីបង្កើតលំនៅឋានមួយដ៏សមរម្យ ប្រកបដោយគុណភាព សុវត្ថិភាព សោភ័ណ ភាព ផាសុកភាព គុណធម៌ និងបង្កើតឲ្យមាន ទម្លាប់រស់នៅក្នុងអគាររួម និងការថែទាំរួម” ហើយ អតិថិជនដែលទិញយូនីតនិមួយៗ ក្នុងលំនៅឋានអារ៉ាខាវ៉ា នឹងទទួលបានប័ណ្ណកម្មសិទ្ធិតកូនតចៅទៀត ផង។
លោកបន្តថា Arakawa Residence ត្រូវបានអ្នកជំនាញវាយតម្លៃថាជាលំនៅឋានស្តង់ដា ជប៉ុនទីមួយនៅកម្ពុជាដែលបានក្លាយទៅជាគម្រូនៃលំនៅឋានឬសំណង់អគារនានាដែលមានស្តង់ដាជប៉ុនពិតប្រាកដ ជាពិសេស បច្ចេកទេសសំណង់ទាំងមូល និងប្រព័ន្ធសុវត្ថិភាពការពារអគ្គិភ័យ និងប្រព័ន្ធទឹកលូ ជាដើម ដើម្បីបញ្ចៀសនូវក្តីកង្វល់ដល់ម្ចាស់ផ្ទះដែលបានទិញរួច។ជាងនេះទៀតArakawa Residence ក៏ជាក្រុមហ៊ុនទីមួយនៅកម្ពុជា ដែលប្រើទុនវិនិយោគរបស់ក្រុមហ៊ុន ក្នុងការសាងសង់ទាំងស្រុង ដោយមិនប្រើថវិការ របស់អតិថិជនយកមកសាងសង់ ហើយក៍ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលអតិថិជន អាចទិញដោយពុំចាំបាច់បង់ប្រាក់កក់ ហើយអាចបង់រំលោះ ដោយមិនមានការប្រាក់ ពោលគឺអាចបង់ប្រាក់ ប្រចាំខែចាប់ពី២៧៣ដុល្លារឡើងទៅ ទៅតាមយូនីត ដែលមានបន្ទប់គេង១ និងបន្ទប់គេង២ និងតាមជាន់ដែលអតិថិជនត្រូវការ។
Arakawa Residence ត្រូវបានរចនាឡើង សម្រាប់ពលរដ្ឋខ្មែរដែលមានសមាជិកគ្រួសារតិច ចង់បានលំនៅឋានប្រណិត មានបរិកាសល្អ តម្លៃសមរម្យ ស្ថិតនៅជិតផ្សារទឹកថ្លា ជាប់មន្ទីរពេទ្យអន្តរជាតិ ជិតសាលារៀននិងសាកលវិទ្យាល័យនានា និងនៅក្បែរផ្សារទំនើប ងាយស្រួលក្នុងការធ្វើដំណើរ ឬរកការងារធ្វើ។ ពលរដ្ឋដែលមានចំណូលចាប់ពី៦០០ដុល្លារឡើងទៅ អាចទិញបានផ្ទះមួយ ជាប្រភេទ ស្ទូឌីយោឬ ផ្ទះមានពីរបន្ទប់គេង។ Arakawa Residence បានចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុងឆ្នាំក្រោយ ឆ្នាំ២០២០ ខណះបច្ចុប្បន្ន លំនៅឋានអារ៉ាខាវ៉ាសង់ បានដល់១៥ជាន់ហើយហើយនឹងក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់និស្សិតសិក្សាផ្នែកសំណង់ស៊ីវិលចុះមកសិក្សាស្វែងយល់ពីការអនុវត្តជាក់ស្តែង ពិសេសគម្រោងសំណង់ធំៗបែបនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអារ៉ាខាវ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនខ្មែរនិង ជប៉ុន បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការ សាងសង់ និងដាក់អោយដំណើរការរួចមកហើយនូវអាផាតមិនដែលមានឈ្មោះថា Bellevue Serviced Apartments នៅតំបន់ជ្រោយចង្វា៕