អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យអ្នកជំនួញប្រទេសឆែកមកបើករោងចក្រផលិតយន្តហោះខ្នាតតូចនៅកម្ពុជា

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើវិនិយោគិនរបស់ប្រទេសឆែក​មក​បើក​រោងចក្រផលិតយន្ដហោះខ្នាតតូចនៅក្នុងប្រទេសកម្ពុជា ដោយស្នើឲ្យអ្នកជំនាញឆែកជួយបណ្តុះបណ្តាលការបើកយន្តហោះខ្នាតតូចដល់កម្ពុជា។

ការលើកឡើងនេះ ក្នុងកិច្ចប្រជុំស្តីពីពាណិជ្ជកម្មរវាងកម្ពុជាជាមួយឆែក នៅថ្ងៃទី១៤ ខែតុលានេះ នៅទីក្រុងប្រាក ប្រទេសឆែក ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក​ឧបនាយករដ្ឋមន្ត្រី ការេល ហាវិលីខេក រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆែក។

តាម Fresh News បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះអ្នកឧកញ៉ា គិត ម៉េង លើកឡើងថា ឆែកជាប្រទេសមួយមានបច្ចេកវិទ្យា សម្ភារគ្រឿងយន្ត មានបច្ចេកទេសខ្ពស់ ក៏ប៉ុន្តែបច្ចុប្បន្នមិនសូវមានទីផ្សារ នៅក្នុងប្រទេស​កម្ពុជា​នៅឡើយ។ ដូច្នេះការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាឱកាសមួយសម្រាប់វិនិយោគិនឆែក ហើយឆែកក៏អាចចាប់យកកិច្ចសហការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្នែកសន្តិសុខព័ត៌មានវិទ្យា ក្នុងបណ្តាញអ៉ីនធើណេត ការប្រមូលផ្តុំទិន្នន័យជាដើម។

ដោយសារទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឆែកនៅមានទំហំតូចនៅឡើយ ពោលមានប្រមាណ ២៤៣លានដុល្លារនៅឆ្នាំ២០១៨នោះ អ្នកឧកញ៉ា គិត ម៉េង បានស្នើឆែកបង្កើនទំហំពាណិជ្ជកម្មឱ្យបានច្រើន។ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ប្រទេសឆែក និងកម្ពុជា មានវិស័យច្រើនដែលអាចវិនិយោគដូចជា ផ្នែកកសិឧស្សាហកម្ម ទេសចរណ៍ ការកែច្នៃអាហារ សំណង់ បង្គំរថយន្ត អគ្គិសនី និងសុខាភិបាល។

កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយអតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៥៦ ហើយនៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការទូតរវាងកម្ពុជា និងឆែកត្រូវបានបង្កើតឡើងវិញ បន្ទាប់ពីប្រទេស​ឆេកូស្លូវ៉ាគីបែងចែកជាពីរ៕