លោក ប៉ាន សូរស័ក្ដិ ជំរុញឲ្យអ្នកជំនួញជប៉ុនមកបោះទុនវិនិយោគផ្នែកកែច្នៃចំណីអាហារនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ដិ បានជំរុញឲ្យអ្នកជំនួញធំៗរបស់ជប៉ុន​មក​បោះ​ទុន​វិនិយោគ​បន្ថែម​ទៀតលើការកែច្នៃម្ហូបអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសផ្នែកអេកូទេសចរណ៍ ឧស្សាហកម្មតភ្ជាប់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាសម្រាប់វិស័យឧស្សាហកម្ម។

ការលើកឡើងនេះ ខណៈដែលលោកបានចូលរួមកម្មវិធីបើកសម្ពោធពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ កាលពីពេលថ្មីៗនេះ ដែលរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) នៅផ្សារទំនើបអ៊ីអនភ្នំពេញ ដោយមានការចូលរួមពីលោក Tsuyoshi Nozoe តំណាងមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន លោក Masahiro Miyao តំណាងអង្គការ JETRO នៅភ្នំពេញ និងលោក Keiji Ono នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីអនកម្ពុជា។

លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន នៅឆ្នាំ២០១៨ មានទំហំទឹកប្រាក់ប្រមាណជាង ១ ៥៨៨ លានដុល្លារអាមេរិក ក្នុងនេះការនាំចេញពីកម្ពុជាទៅជប៉ុនមានទំហំទឹកប្រាក់ប្រមាណ ១ ០៧៩ លានដុល្លារ និងការនាំចូលពីជប៉ុនមកកម្ពុជា គិតជាទំហំទឹកប្រាក់មានប្រមាណ ៥០៩ លានដុល្លារ។

លោកបន្តថា ការវិនិយោគដោយផ្ទាល់ពីប្រទេសជប៉ុនក៏មានការរីកចម្រើន ដោយគិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ មានគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៣៧ គម្រោង ក្នុងនោះទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារ ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំ អគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

លើសពីនេះ លោកសង្ឃឹមថា សកម្មភាពធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា នឹងបន្តរីកចម្រើនបន្ថែមទៀត ដើម្បីផ្ដល់តម្លៃបន្ថែម និងផ្ដល់បរិស្ថានការងារ និងបរិស្ថានរស់នៅល្អប្រសើរជូនដល់កម្មករ និយោជិតកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសការងារសមរម្យ ការរក្សាកំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មកម្ពុជា។

ជាមួយគ្នានោះ លោកបញ្ជាក់ថា៖«ខ្ញុំសូមលើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុន វិនិយោគបន្ថែមកាន់តែច្រើនទៀតលើគ្រប់វិស័យ ជាពិសេសការកែច្នៃម្ហូបអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក អេកូទេសចរណ៍ ឧស្សាហកម្ម តភ្ជាប់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យឧស្សាហកម្មជាដើម»។

លោក Tsuyoshi Nozoe តំណាងមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសជប៉ុន បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាដោយប្រជាជនកម្ពុជា។ ដូចនេះផ្សារអ៊ីអនក៏មានការលក់ទំនិញអនឡាញ ដើម្បីឲ្យស្របតាមតម្រូវការរបស់អតិថិជនកម្ពុជា។

លោក Masahiro Miyao តំណាងអង្គការ JETRO នៅភ្នំពេញបានឲ្យដឹងថា ផលិតផលអាហារជប៉ុនដែលមានដាក់តាំងក្នុងពិព័រណ៍នេះ គឺមានចំនួន ៣០០ មុខអាហារ រួមមាន បន្លែជប៉ុន ភេសជ្ជៈ ស្រាសាកេ និងផលិតផលអាហារជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលិតផលដែលផលិតក្រោមស្ដង់ដារជប៉ុន៕