
ខេត្តព្រះសីហនុ៖ គម្រោងសាងសង់សណ្ឋាគារ និងរីហ្សត ស៊ីប្រ៊ីស (Sea Breeze Hotel and Resort) លើលើផ្ទៃដីទំហំ ៥.២២៤ម៉ែត្រការ៉េ ត្រូវបានអន្តរក្រសួងអនុម័តយល់ព្រមសាងសង់តាមផែនការនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុរបស់លោកស្រី សោម រស្មី (ម្ចាស់គម្រោង) ប៉ុន្ដែអន្តរក្រសួងបានណែនាំចំណុចមួយចំនួន។
ការបង្ហាញនេះ នៅថ្ងៃទី១៦ ខែតុលា ដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងសាងសង់សណ្ឋាគារ និងរីហ្សតនេះ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីតំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន។
លោក នេត្រ ភត្រា បានថ្លែងថា គម្រោង Sea Breeze Hotel and Resort លើលើផ្ទៃដីទំហំ ៥.២២៤ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅដីឡូតិ៍ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់លោកស្រី សោម រស្មី (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ដោយក្រុមហ៊ុនទីប្រឹក្សា អេស-ប៊ី-ខេ រីស៊ើច អេន ឌីវេឡុបមេន។
អង្គប្រជុំបានទទួលលទ្ធផលដូចជា៖ អង្គប្រជុំបានគាំទ្រទៅលើគម្រោងវិនិយោគនេះ ដោយម្ចាស់គម្រោងត្រូវគោរពទៅតាមបទដ្ឋានបរិស្ថានក្នុងការរៀបចំអាងចម្រោះទឹកកខ្វក់ ដែលមានសមត្ថភាព គ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវចេញពីគម្រោង ដោយសមាមាត្រទៅនឹងបរិមាណប្រើប្រាស់ទឹករបស់គម្រោង។
កិច្ចប្រជុំបន្តថា ម្ចាស់គម្រោងត្រូវរៀបចំទីតាំងទុកដាក់សំណល់រឹង (សំរាម) សំណល់សំណង់ និងសំណល់អាចម៍ដី ឱ្យបានត្រឹមត្រូវ ដោយសហការជាមួយក្រុមហ៊ុនប្រមូលសំណល់ក្នុងខេត្តព្រះសីហនុ ចៀសវាងទុកដាក់ គ្មានសណ្តាប់ធ្នាប់ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពក្រុង ម្ចាស់គម្រោងត្រូវចូលរួមថែរក្សាសម្អាតអនាម័យបរិស្ថាននៅជុំវិញទីតាំងគម្រោង។
ម្ចាស់គម្រោងត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ ដោយគោរពតាមច្បាប់របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចៀសវាងការចតរថយន្តនៅលើចិញ្ចើមផ្លូវ និងទីសាធារណៈ ម្ចាស់គម្រោងត្រូវរៀបចំតំបន់នេះឲ្យក្លាយទៅជាតំបន់មេត្រីភាពបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក និងត្រូវដាំដើមឈើ ឬរុក្ខជាតិលម្អរឱ្យបានច្រើន ដើម្បីលម្អសោភ័ណភាពនៅក្នុងតំបន់គម្រោង។
ដោយម្ចាស់គម្រោងត្រូវគោរពវប្បធម៌ប្រពៃណី ទំនៀមទំលាប់ និងរំលេចរចនាបថខ្មែរទាំងក្នុង និងក្រៅអគារ ម្ចាស់គម្រោងគួរមានមូលនិធិចូលរួមចំណែកដាំដើមឈើនៅតំបន់ក្បាលឆាយ ដើម្បីជួយរក្សាលំនឹងទឹកនៅខេត្តព្រះសីហនុ ម្ចាស់គម្រោងត្រូវគោរពច្បាប់ស្តីពីការងារ ដោយត្រូវចុះបញ្ជី ប.ស.ស សម្រាប់បុគ្គលិក-កម្មករដែលបម្រើការងារក្នុងគម្រោង ដើម្បីការពារសុខភាព និងសុវត្ថិភាពការងារ និងម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួល និងដាក់ធាតុចូលបន្ថែមទៅក្នុងរបាយការណ៍នេះ ស្របតាមស្មារតីអង្គប្រជុំ៕