
ព្រះសីហនុ៖ ក្រុមហ៊ុនក្នុងស្រុកចំនួន ៧ ក្រុមហ៊ុន កំពុងធ្វើការស្ថាបនាផ្លូវចំនួន ៣៤ ខ្សែ ក្នុងខេត្ដព្រះសីហនុទាំងយប់ទាំងថ្ងៃឲ្យចប់រួចរាល់ក្នុងរយៈពេល ៨ ខែ ដែលគ្រោងនឹងចំណាយទឹកប្រាក់អស់ជាង ២០០ លានដុល្លារ ហើយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងទៅសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវនៅចុងខែតុលានេះ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្ដព្រះសីហនុបានថ្លែងថា គម្រោងស្ថាបនាផ្លូវទាំង ៣៤ ខ្សែ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុបានចាប់ផ្ដើមស្ថាបនាកាលពីពេលថ្មីៗនេះ ដោយធ្វើទាំងថ្ងៃទាំងយប់ និងប្រើរយៈពេល ៨ ខែ ឲ្យចប់រួចរាល់។
លោកថ្លែងថា៖ «ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន ៧ ក្រុមហ៊ុននឹងទទួលការងារស្ថាបនាផ្លូវនេះ។ ពិធីបើកការដ្ឋានសាងសង់នឹងធ្វើឡើងឆាប់ៗនាចុងខែតុលានេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
លោកបន្ថែមថា រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្ដព្រះសីហនុកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលរងការខូចខាតពីជំនន់ទឹកភ្លៀង និងការអភិវឌ្ឍយ៉ាងគំហុកចំនួន ៣៤ ខ្សែឡើងវិញនៅក្នុងខេត្តព្រះសីហនុដែលមានប្រវែងសរុប ៨៤ ៥០៥ ម៉ែត្រ ស្មើនឹងប្រមាណជាង ៨៤ គីឡូម៉ែត្រ ស្ថិតនៅបរិវេណក្រុងព្រះសីហនុ និងស្រុកព្រៃនប់ដោយថវិកានៃការស្ថាបនាផ្លូវនេះនឹងត្រូវចំណាយជាង ២០០ លានដុល្លារអាមេរិក ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ថា រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលូនៅក្នុងខេត្ដព្រះសីហនុឡើងវិញ ខណៈបច្ចុប្បន្នក្រុមការងារកំពុងដំណើរការការសាងសង់បណ្ដើរ។
លោកថ្លែងថា៖ «ការស្ថាបនាផ្លូវឡើងវិញនៅក្នុងខេត្ដព្រះសីហនុនេះធ្វើឡើងជាប្រភេទផ្លូវបេតុងកម្ពស់ ២ តឹកកន្លះ និងមានអ៊ុតកៅស៊ូកម្រាស់ ៧ ហ៊ុនបន្ថែមពីលើទៀត»៕