
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់លោក ពេជ្រ ស្រស់ នៅថ្ងៃទី ២២ ខែតុលានេះបានអះអាងថា កម្ពុជារំពឹងទទួលបានចំណូលវិស័យប្រេងកាតនៅក្នុងប្លុក A ដែនសមុទ្រកម្ពុជាប្រមាណ ១ពាន់លានដុល្លារនៅរយៈពេល១០ឆ្នាំដំបូងនេះ។
ការលើកឡើងនេះ ក្នុងកិច្ចប្រជុំរវាងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីអំពី ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ខាងមុខនេះ។ ដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ជូនអង្គប្រជុំថា នៅបច្ចុប្បន្ននេះថវិកាជាតិមានក្នុងរតនាគាជាតិ ដែលសល់ពីការចំណាយប្រចាំឆ្នាំកន្លងទៅ គឺមានចំនួន៣ពាន់លានដុល្លារអាមេរិក។
រីឯលោក ពេជ្រ ស្រស់ បានថ្លែងថា ក្រៅបញ្ជាក់ពីចំនួនថវិកានេះ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់អំពីក្ដីរំពឹងនៃចំណូលដែលកម្ពុជាទទួលបានពីវិស័យប្រេងកាតនៅក្នុងប្លុក A ដែនសមុទ្រកម្ពុជាថា នៅរយៈពេល១០ឆ្នាំដំបូងនៃដំណើរការបូមប្រេងកម្ពុជារំពឹងថា នឹងទទួលបានចំណូល១ពាន់លានដុល្លារ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានប្រាប់ពីចំណូលពន្ធដារដែលកម្ពុជាទទួលបានពីវិស័យកាស៊ីណូ នៅឆ្នាំ២០១៩នេះថា ប្រមូលបានពន្ធជាង ៥០លានដុល្លារអាមេរិក ដែលចំណូលនេះនឹងថមថយវិញនៅឆ្នាំ២០២០ ដោយសារតែការបិទល្បែងតាមអនឡាញ។
សម្ដេច ហ៊ុន សែន តែងតែបានប្រកាសពីភាពរឹងមាំនៃថវិកាជាតិដែលកម្ពុជាមាន ខណៈដែលចំណូលគយ និងពន្ធដារ បានកើនឡើង។ កាលពីដើមខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសកម្ពុជាមានប្រាក់បម្រុងសល់រហូតដល់១៥ពាន់លានដុល្លារ និងមាស៣០តោន។
ដោយពាក់ព័ន្ធនឹងចំណូលដែលទទួលបានពី វិស័យប្រេងកាតសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណូលនេះនឹងត្រូវយកទៅប្រើសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវថ្នល់ ស្ពាន់ជាដើម៕