ក្រុមហ៊ុនចិនមួយគ្រោងបោះទុន ៣០លានដុល្លារ ដាំចេកអំបូងលឿងលើដី១៥០០ហិកតានៅកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីមើលឃើញពីសក្ដានុពលពីចេកអំបូងលឿននៅកម្ពុជា ក្រុមហ៊ុនចិនមួយឈ្មោះ Beijing Capital Agribusiness Group (CAG) ដែលមានទីស្នាក់ការធំនៅទីក្រុងប៉េកាំង បាននិង កំពុងធ្វើការសិក្សារៀបចំផែនការវិនិយោគតម្លៃជាង ៣០លានដុល្លារអាមេរិក ដើម្បីធ្វើការដាំដុះដំណាំចេកអំបូងលឿងនៅកម្ពុជាលើផ្ទៃដីជាង ១,៥០០ហិកតា។

ការបង្ហាញនេះ ក្នុងជំនួបរវាងលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបជាមួយលោក Li Zhijun អគ្គនាយកនៃមន្ទីរកសិកម្ម និងកិច្ចការជនបទក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា «ពាក់ព័ន្ធទៅនឹងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា លោក Li Zhijun បានឲ្យដឹងថា ក្រុមហ៊ុន Beijing Capital Agribusiness Group (CAG) ដែលមានទីស្នាក់ការធំនៅទីក្រុងប៉េកាំងកំពុងធ្វើការសិក្សា រៀបចំផែនការវិនិយោគតម្លៃជាង ៣០លានដុល្លារអាមេរិក ដើម្បីធ្វើការដាំដុះដំណាំចេកអំបូងលឿងនៅកម្ពុជាលើផ្ទៃដីជាង១,៥០០ហិកតានាពេលអនាគត»។

លោក ងិន ឆាយ បានបញ្ជាក់ថា ផែនការវិនិយោគនេះ ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃកម្ពុជា ក្នុងការជំរុញការធ្វើកសិកម្មទំនើប ការកែច្នៃ ការវេចខ្ចប់ និងនាំចេញផលិតផលកសិកម្មកម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារអន្តរជាតិ។
លោកបន្តថា កិច្ចប្រជុំរវាងអគ្គនាយកដ្ឋានកសិកម្មកម្ពុជា និងអគ្គនាយកនៃមន្ទីរកសិកម្ម និងកិច្ចការជនបទក្រុងប៉េកាំង ទទួលបានលទ្ធផលជាផ្លែផ្កាមានជាអាទិ៍៖ ភាគីទាំងពីរបានឯកភាពគ្នា រៀបចំកិច្ចពិភាក្សាជាមួយមន្ត្រីជំនាញចិន ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា ដើម្បីបង្កើនកិច្ចសហការ និងផ្លាស់ប្តូរបទពិសោធន៍។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃកម្ពុជា គាំទ្រលើកទឹកចិត្ត ហើយនឹងផ្តល់កិច្ចសហការអស់លទ្ធភាពជាមួយក្រុមហ៊ុន CAG ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍ ដល់ប្រជាជន និងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានឯកភាពផ្លាស់ប្តូរបទពិសោធន៍ និងរួមគ្នាពិនិត្យ ស្រាវជ្រាវបច្ចេកទេសកសិកម្ម និងផលិតកម្មពូជដំណាំ ដោយប្រើបច្ចេកទេសថ្មីទំនើប។

ក្នុងជំនួបនោះថា បង្កើនកិច្ចសហប្រតិបត្តិការ លើការងារការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដើម្បីលើកកម្ពស់ការផលិត និងនាំចេញផលិតផលកសិកម្មកម្ពុជា ប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន។
សូមបញ្ជាក់ថា រយៈពេល៩ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញផ្លែចេក ជាង១១ម៉ឺនតោនទៅកាន់ប្រទេសវៀតណាម ចិន និងជប៉ុន៕