
ស្វាយរៀង៖ រោងចក្រផលិតកង់ប្រែនធំមួយឈ្មោះ Asia Leader International (Cambodia) គ្រោងនឹងបិទទ្វារនៅអំឡុងខែវិច្ឆិការខាងមុខនេះ ដោយអះអាងថា ចប់កុងត្រា ខណៈកម្មករនិយោជិតប្រមាណជាង ២០០នាក់ កំពុងព្រួយបារម្មណ៍ពីការអស់ការងារធ្វើ។
ខណៈក្រុមហ៊ុនផលិតកង់ធំៗបំផុតរបស់សហភាពអឺរ៉ុបព្រមានពីការរើរោងចក្រផលិតចេញពីប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២០ ទៅកាន់ប្រទេសវៀតណាម ភូមា និងបង់ក្លាដេស បើសិនកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងសព្វាវុធ «Everything But Arms» (EBA)។
លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ត្រូវបានកាសែតក្នុងស្រុកមួយដកស្រង់សំដីថា រោងចក្រផលិតកង់ក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិតមានចំនួន ៨ក្រុមហ៊ុន (៨រោងចក្រ) ដែលមានកម្មករនិយោជិតចំនួន ៥,២១៦ នាក់ស្រី ២,៤២០ នាក់។
លោកបន្តថា រីឯក្រុមហ៊ុន Asia Leader International (Cambodia) បានផ្អាកដំណើរការផលិតកង់ជាបណ្តីរៗ និងបានឈប់នាំគ្រឿងបន្លាស់ចូលចាប់តាំងពីខែសីហាឆ្នាំ ២០១៩ មក ដោយក្រុមហ៊ុនអះអាងថា នឹងចប់កុងត្រានៅក្នុងខែ ១១ ឆ្នាំ២០១៩ ខណៈរោងចក្រផលិតកង់មួយនេះមានកម្មករនិយោជិតចំនួន ២០០នាក់កំពុងបម្រើការងារ។
លោកបញ្ជាក់ថា នៅខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧កំពុងដំណើរការសកម្មភាព ហើយខេត្តស្វាយរៀងជាខេត្តដែលផលិតកង់ធំជាងគេនៅកម្ពុជាសម្រាប់ការនាំចេញទៅបរទេស។
កម្មករម្នាក់បម្រើការនៅក្នុងរោងចក្រផលិតកង់យីហោអេស៊ីលិតឌ័រ (Asia Leader International (Cambodia) សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោកបានកំពុងមានការព្រួយបារម្ភ ដោយទទួលព័ត៌មានមិនទាន់ផ្លូវការថា រោងចក្រដែលលោកកំពុងធ្វើការនេះ អាចនឹងចប់កុងត្រា ហើយបិទនៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។
លោកបញ្ជាក់ថា៖«ខ្ញុំមិនទាន់ដឹងច្បាស់ដែរបង ព្រោះខ្ញុំលឺតាមគេដែរថា រោងចក្រដែលខ្ញុំកំពុងធ្វើការនេះ គឺអាចនឹងបិទ ហើយខ្ញុំកំពុងមានការព្រួយបារម្ភ ខ្លាចគេបិទដែរ ព្រោះខ្លាចអត់ការងារធ្វើ តែយ៉ាងណា ខ្ញុំនៅរង់ចាំមើលបន្ដិចទៀតសិន»។
តាមរបាយការណ៍ក្នុងរយៈពេល ៩ខែឆ្នាំ២០១៩ នេះ តំបន់សេដ្ឋកិច្ចពិសេសទាំង ៧ នៅក្នុងខេត្តស្វាយរៀង មានរោងចក្រសហគ្រាសវាយនភណ្ឌ័កាត់ដេរចំនួន ៣០រោងចក្រ និងមានកម្មករ-កម្មការិនីបម្រើការងារចំនួន ៣០,២៤១ នាក់។
រោងចក្រផលិតស្បែកជើងចំនួន ៦ រោងចក្រមានកម្មករ-កម្មការនីបម្រើការងារចំនួន ៤,៩២០នាក់ ខណៈរោងចក្រផលិតកង់ចំនួន ៨ រោងចក្រ ដែលមានកម្មករ-កម្មការិនីបម្រើការងារចំនួន ៥,២១៦នាក់។ ក្នុងនោះរោងចក្រចប់កុងត្រា គឺរោងចក្រផលិតកង់ក្រុមហ៊ុន Asia Leader International (Cambodia)ដែលមានកម្មកនិយោជិតចំនួន ២០០នាក់៕