
ព្រះសីហនុ៖ អាជ្ញាធរក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងជាលក្ខណៈទ្រង់ទ្រាយធំ ដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកែប្រែឲ្យក្លាយទៅជាទីក្រុងដ៏ទំនើបមានសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានឲ្យដឹងថា ផ្លូវសរុប ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ប្រវែងសរុបជាង ៨៤ គីឡូម៉ែត្រ នឹងត្រូវបានស្ថាបនាជាថ្មីឡើងវិញ ដោយចំណាយទឹកប្រាក់សរុបប្រមាណជាង ២០០ លានដុល្លារអាមេរិក ស្របតាមបទបញ្ជារបស់រដ្ឋាភិបាលសំដៅ ប្រែក្លាយក្រុងព្រះសីហនុ ជាទីក្រុងទំនើប និងជាតំបន់សេដ្ឋកិច្ចពហុប៉ូលរបស់កម្ពុជា។
លោកបន្តថា បច្ចុប្បន្នផ្លូវចំនួន ២៤ ខ្សែ ក្នុងខេត្តព្រះសីហនុ បាននិងកំពុងចាប់ផ្ដើមស្ថាបនាជាបណ្ដើរៗហើយ ក្នុងនោះរួមមាន៖ កងវិស្វកម្ម សម្តេច ហ៊ុន សែន សៀមរាប ស្ថាបនាផ្លូវមហាវិថីជំទាវម៉ៅ ប្រវែង ៩,៣៦៥ ម៉ែត្រចំនួន០១ ខ្សែ។ កងវិស្វកម្ម លេខ ១៧៨ ស្ពានថ្នល់ ស្ថាបនាវិថីឯករាជ្យ ប្រវែង៥,៣៦៥ម៉ែត្រ ចំនួន០១ខ្សែ។ ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនាមហាវិថីឆ្នេររាម, វិថីអូរត្រេះ, វិថីពូទ្បូវៃ, វិថី២ធ្នូ, វិថី២៨ មិថុនា ប្រវែងសរុប ២៣,៣៦០ម៉ែត្រ ចំនួន០៥ខ្សែ។
ក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គ ស្ថាបនាមហាវិថីរាមលេខ ៤៥ និងវិថីមិត្តភាពកម្ពុជា-រុស្សី លេខ ៧០៥ ប្រវែងសរុប ១១,៦០៣ ម៉ែត្រ ចំនួន០២ខ្សែ។ ក្រុមហ៊ុន សារជីវកម្ម ពិស្ណុការ ស្ថាបនាខ្សែផ្លូវលេខ ៤, ៦, ១២, ៧, ១៧, ១៨, ១៩, ២០, ១១ ប្រវែងសរុប ១២,៥៧២ ម៉ែត្រ ចំនួន០៩ខ្សែ។ ក្រុមហ៊ុន SCE ស្ថាបនាវិថីចំណោតអូរត្រាវ លេខ ៤៩ ប្រវែងសរុប ៦,៥០៦ម៉ែត្រចំនួន១ខ្សែ និងក្រុមហ៊ុន VT ស្ថាបនាផ្លូវលេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែងសរុប ៥,៥៦២ម៉ែត្រចំនួន០៥ខ្សែ។
នៅអំឡុងពេលចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវ «មហាវិថីជំទាវម៉ៅ» នាពេលថ្មីៗនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងថា៖«បងប្អូនប្រជាពលរដ្ឋកម្ពុជា ទាំងអស់ នឹងភ្ញាក់ផ្អើលជាមួយសមិទ្ឋផលថ្មី ក្នុងទឹកដីខេត្តព្រះសីហនុ ដែលកើតមាននៅពេលខាងមុខនេះ។ ប៉ុន្តែដើម្បីសម្រេចបានតាមផែនការ គឺមិនមែនត្រឹមអាជ្ញាធរខេត្តទេ គឺប្រជាពលរដ្ឋក្នុងខេត្តទាំងមូលត្រូវរួមគ្នាប្រឹងប្រែងឲ្យអស់លទ្ឋភាព ដើម្បីប្រែក្លាយទីក្រុងមួយនេះ ឲ្យទៅជាទីក្រុងបៃតង និងជាទីក្រុងទេសចរណ៏ដ៏ទំនើប សម្រាប់បងប្អូនកម្ពុជា មកកំសាន្តនៅឆ្នាំ២០២០ ខាងមុខនេះ»៕