
ភ្នំពេញ៖ ផលិតផលមី ថ្មីមួយរបស់ខ្មែរ ដែលស្ថិតនៅក្រោមដំបូលតែមួយជាមួយនឹងទឹកបរិសុទ្ធ វីតាល បានប្រកាសសម្ពោធលក់ជាផ្លូវការហើយក្នុងទីផ្សារកម្ពុជា កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៩ មាន ៣ រសជាតិសម្រាប់ផ្ដល់ជូនពលរដ្ឋខ្មែរទូទាំងប្រទេស។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន One More Manufacturing Co. Ltd បានមានប្រសាសន៍ថា មីជាតិ ត្រូវបានផលិតឡើង ដោយស្នាដៃខ្មែរ រក្សានូវបែបផែនរសជាតិខ្មែរ ជាមួយនឹងគុណភាពខ្ពស់ ដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន និងរួមជាមួយគ្រឿងផ្សំក្នុងស្រុក និងបរទេសមដែលមានគុណភាព ដូចជាប្រទេសអូស្ត្រាលី សឹងហ្គាពួរ និងម៉ាឡេស៊ី។
លោកជំទាវ ជឹង សុគន្ធាវី ក៏បានបង្ហាញ ពីក្តីរីករាយជាខ្លាំង ដែលរាជរដ្ឋាភិបាលកម្ពុជា បានទុកចិត្ត និងគាំទ្រលើដំណើរការនៃរោងចក្រផលិត “មីជាតិ”នេះឡើង ដែលនេះបានផ្តល់ក្តីសង្ឃឹមមួយដ៏មុតមាំ ចំពោះលោកជំទាវ ជាអ្នកវិនិយោគទុកម្នាក់ ក្នុងការប្រឹងប្រែងធ្វើឲ្យដំណើរការនៃរោងចក្រនេះ លេចចេញជារូបរាងឡើងនាពេលនេះ។
លោកជំទាវ បន្តថា មីជាតិ ត្រូវបានបង្កើតឡើងសម្រាប់តម្រូវការ និងការពេញនិយមរបស់ប្រជាជនខ្មែរក្រោមការស្រាវជ្រាវយ៉ាងហ្មត់ចត់ ផ្ចិតផ្ចង់ និងសម្រិតសម្រាំងបំផុត ដើម្បីផ្តល់នូវផលិតផលមានគុណភាពខ្ពស់ អត្ថប្រយោជន៍ និងរសជាតិបែបខ្មែរ។ វត្តមាននៃសមិទ្ធិផលថ្មីនេះលើទីផ្សារ គឺជាមោទនភាពថ្មីរបស់កម្ពុជាក៏ដូចជាប្រជាជនខ្មែរ។
យើងជឿជាក់ថា ក្នុងទឹកចិត្តខ្មែរតែមួយ ខ្មែរជួយខ្មែរ និងខ្មែរស្រលាញ់ខ្មែរ ប្រជាជនខ្មែរទូទាំងប្រទេសនឹងទទួល ស្គាល់ ហើយគាំទ្រនូវសមិទ្ធិផលថ្មីនេះ ដែលមានស្លាកសញ្ញា“មីជាតិ”តំណាងឲ្យផលិតផលជាតិ និងប្រជាជនខ្មែរ។
ទាក់ទង់នឹងគោលបំណងនៃការបង្កើតរោងចក្រ មីនេះឡើង លោកជំទាវនាយិកាបានបន្ថែមថា ការបង្កើតរោងចក្រ ផលិតមីនេះឡើង បានភ្ជាប់នូវគោលបំណងចម្បង៣ គឺទី១ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យផលិតចំណីអាហារក្នុងស្រុកអោយមានភាពជឿនលឿន មិនចាញ់ប្រទេសជិតខាង ពោលគឺសំដៅកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលផលិតផលពីបរទេស។ ទី២ គឺដើម្បីផ្គត់ផ្គង់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមរយៈការផលិតចំណីអាហារនៅក្នុងស្រុក ដែលប្រកបដោយអនាម័យ សុវត្ថិភាព និងស្តង់ដាសមស្រប និងទី៣ គឺ ដើម្បីចូលរួមបង្កើតឱកាសការងារថ្មីៗបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។
មីជាតិ ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្ច្រាំ និងរសជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្រប ទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយម របស់ប្រជាជនខ្មែរ។ ចំណែកឯរសជាតិទៀតសោត ក៏ធ្វើឡើងដើម្បីតម្រូវចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជា ដូចទៅនឹងពាក្យស្លោករបស់មីជាតិ ដែលថា “ស្នាដៃខ្មែរ រសជាតិខ្មែរ៕