
ខេត្តកំពត៖ រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ក្រោមទុនវិនិយោគ ៦៧លានដុល្លារ គ្រោងបើកសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ស្ថិតនៅឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន។
ការបង្ហាញនេះ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ដោយលោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដែលមានសមាជិកចូលរួមពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុកជិត៨០នាក់។
អង្គប្រជុំនេះ ដើម្បីពិភាក្សាលើការទទួលសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រស៊ីម៉ង់តិ៍ ថៃ ប៊ុនរ៉ុង។
លោកអភិបាលខេត្តកំពត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តក៏ដូចជា មន្ទីរ អង្គភាពជំនាញ អាជ្ញាធរក្រុង ស្រុក សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់សហការគ្នាបានល្អ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់នារយៈពេលកន្លងមកក្នុងដំណើរកិច្ចអភិវឌ្ឍខេត្ត ក៏ដូចជា ការធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងការបម្រើបានទាំងសេវារដ្ឋបាល និងសេវាសាធារណៈ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងឆ្លើយតបបានទៅនឹងគោលនយោបាយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។
គួររំឭកថា ក្រុមហ៊ុនស៊ីម៉ងតិ៍ ថៃ ប៊ុន រ៉ុង បានវិនិយោគទឹកប្រាក់ ៤២លានដុល្លារបន្ថែមទៀតពីលើការសាងសង់រោងចក្រចំនួន ៦៧លានដុល្លាររួចហើយ ដើម្បីជួសជុលនិងដំឡើងខ្សែសង្វាក់ផលិតកម្មថ្មីទំនើប និងអាចផលិតស៊ីម៉ងតិ៍បាន ២៥០០តោនក្នុង១ថ្ងៃៗ។ ការជួសជុល និងបំពាក់ឧបករណ៍ថ្មីនេះ ត្រូវចំណាយរយៈពេល ១៤ខែ ដែលនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០១៩នេះ បន្ទាប់ពីដំឡើងខ្សែសង្វាក់ផលិតកម្មថ្មីរួច នឹងចាប់ផ្តើមផលិតស៊ីម៉ងតិ៍ ដើម្បីបំពេញតម្រូវការទីផ្សារ៕