ពាក់កណ្តាលឆ្នាំ២០២០នេះ ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក នឹងមានស្ពានអាកាសថ្មើរជើង

ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើងចំនួន ២កន្លែងនៅត្រង់ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យសាងសង់ និងពន្លឿនការស្ថាបនានៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ ខណៈដែលក្រុមការងារជំនាញចាប់ផ្តើមកំណត់ទីតាំងស្ថាបនា និងជីកដីយកទៅពិសោធន៍រួចរាល់ហើយ។

ការថ្លែងនេះ ក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្រុមហ៊ុនត្រូវធ្វើការពន្លឿនស្ថាបនាស្ពានអាកាសថ្មើរជើងទាំង ២កន្លែងនេះ ដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋចង់ឲ្យមានការស្ថាបនាឲ្យបានឆាប់។

លោកបានជំរុញឲ្យក្រុមហ៊ុនស្ថាបនាស្ពានថ្មើរជើងនៅតំបន់ផ្សារដើមគរ និងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវចាប់ផ្ដើមពីសប្តាហ៍នេះទៅ ដើម្បីឲ្យទាន់តាមផែនការក្នុងរយៈពេល ៦ខែទៀតរួចរាល់ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព ដែលមិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើង។

លោកបន្តថា«គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារ ដើមគរក្រុមមន្ត្រីជំនាញបានចាប់ផ្តើមស្ថាបនាជាបណ្តើរៗហើយដូចជា ការកំណត់ទីតាំងការដ្ឋាន ការខួងដីយកទៅពិសោធន៍ និងការដោះស្រាយផលប៉ៈពាល់ជាមួយប្រជាពលរដ្ឋ។ ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ អាចនឹងចុះកំណត់ទីតាំងស្ថាបនា នៅសប្តាហ៍ក្រោយ ដោយសារក្រុមអ្នកជំនាញត្រូវការសិក្សាឲ្យបានល្អិតល្អន់បន្ថែមទៀត ព្រោះស្ពានអាកាសនេះនៅលើផ្លូវប្រសព្វទាំង៤ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ»។

តំណាងក្រុមហ៊ុន ស្ពេក មេឌៀ ដែលទទួលសិទ្ធិក្នុងស្ពានអាកាសថ្មើរជើងទាំង ២កន្លែង នេះបានសន្យានឹងអនុវត្តផែនការស្ថាបនាគ្រោងស្ពានអាកាសថ្មើរជើងទាំង ២កន្លែងនេះឲ្យ ហើយតាមផែនការកំណត់ ហើយប្រកបដោយគុណភាព និងសោភ័ណភាពដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យធ្វើដំណើរឆ្លងកាត់ស្ពានអាកាសថ្មើរជើងនេះ។

រហូតមកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន ៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមានចំនួន ២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន ១កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕