គម្រោងសាងសង់ផ្លូវនៅក្នុងខេត្តព្រះសីហនុទាំងមូល ត្រូវចំណាយលុយជិត ៣០០លានដុល្លារ

ព្រះសីហនុ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងនៅថ្ងៃ១៤ ខែវិច្ឆិកានេះថា ផ្លូវនៅក្នុងខេត្តព្រះសីហនុដែលនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ ត្រូវចំណាយដើមទុនជិត ៣០០លានដុល្លារ ដោយចាក់បេតុង ២តឹកកន្លះ ហើយចាក់កៅស៊ូ ៨ផឹងនៅពីលើថែមទៀត ដើម្បីធានាការដឹកជញ្ជូននៅក្នុងខេត្តដែលសំបូរទៅដោយកុងតឺន័រធំៗដឹកជញ្ជូនទំនិញជារៀងរាល់ថ្ងៃ។

ការបញ្ជាក់នេះរបស់សម្តេច ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសសម្ពោធឲ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាតម្លៃប្រមាណ ១១០លានដុល្លារ នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖«ថ្ងៃសៅរ៍ត្រូវទៅខេត្តព្រះសីហនុ ដើម្បីបើកការដ្ឋានកសាងផ្លូវ ដែលត្រូវចំណាយដើមទុនជិត៣០០លានដុល្លារ ដើម្បីកសាងផ្លូវ ហើយបន្តិចទៀតផ្លូវជាតិលេខ៣ពង្រីកធំ ប្រជាជនខេត្តកំពតនឹងទៅទីក្រុងភ្នំពេញបានងាយស្រួលជាង»។

សម្ដេចបន្តថា ផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលនឹងចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃសៅរ៍សប្តាហ៍នេះ ដោយចាក់បេតុង ២តឹកកន្លះ ហើយចាក់កៅស៊ូ ៨ផឹង នៅពីលើថែមទៀត ដើម្បីធានាការដឹកជញ្ជូន នៅក្នុងខេត្តដែលសំបូរទៅដោយ កុងតឺន័រធំៗសម្រាប់ដឹកជញ្ជូនទំនិញជារៀងរាល់ថ្ងៃ។

ទន្ទឹមនឹងនេះ សម្តេចបន្តថា៖«សម្រាប់ចក្ខុវិស័យរបស់យើងការវិនិយោគសាធារណៈបានដាក់ឆ្លង គណៈរដ្ឋមន្ត្រីកាលពីប៉ុន្មានអាទិត្យមុននេះ ដោយបានដាក់ចូលក្នុងចក្ខុវិស័យស្តីអំពី ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព គឺបានសម្រេចធ្វើផ្លូវឲ្យបានរឹងមាំជាងមុន។ ដោយពីមុនថវិកា ១០០លានដុល្លារ ធ្វើបាន ២០០គីឡូម៉ែត្រ ប៉ុន្តែតែចក្ខុវិស័យថ្មីនេះ គឺយើងបានដូរទស្សនៈថ្មី គឺថវិកា១០០លានដុល្លារ ធ្វើផ្លូវត្រឹម ១០០គីឡូប៉ុណ្ណោះ ដើម្បីធានានូវគុណភាពផ្លូវដែលរដ្ឋាភិបាលបានដាក់ចេញ»។

សម្ដេចថា ការចំណាយប្រាក់កាក់ច្រើនជាងបន្តិច ដើម្បីកសាងផ្លូវដែលមានភាពរឹងមាំ គឺយើងធ្វើម្តងប្រើប្រាស់បានជាង ១០ឆ្នាំ ហើយបើយើងចាក់កៅស៊ូ និងធ្វើប៉ុនផ្លូវលំធម្មតា ធ្វើទៅ ធ្វើមក មិនអាចប្រើប្រាសើបាននោះទេ ដូច្នេះ គិតៗទៅ តែ៥ឆ្នាំ គឺថ្លៃចំណាយលើសអ្វីដែលយើងធ្វើផ្លូវដោយចាក់បេតុងឲ្យមានភាពរឹងមាំ ដូច្នេះ ការធ្វើផ្លូវឲ្យរឹងមាំនេះ ពិតណាស់វាត្រូវចំណាយថវិកាច្រើនក៏ពិតមែន ប៉ុន្តែទទួលបានមកវិញផ្លូវដែលមានគុណភាព និងចំណេញពេលវេលា សម្រាប់ជួសជុល៕