
ភ្នំពេញ៖ ការបូមប្រេងកាតចេញពីតំបន់អប្សរា គ្រោងនឹងត្រូវធ្វើឡើងនៅឆមាសទី១ ឆ្នាំ២០២០ខាងមុខនេះ ដែលមានអត្រាផលិតកម្មខ្ពស់បំផុត ៧៥០០បារ៉ែលក្នុង១ថ្ងៃ ខណៈក្រុមហ៊ុន គ្រីសអែននីជី (KrisEnergy) របស់ប្រទេសសិង្ហបុរី ជាអ្នកទទួលបានសិទ្ធិវិនិយោគគម្រោងប្រេងកាតប្លុក (A) របស់កម្ពុជានេះ។
តាមសេចក្តីប្រកាសព័ត៌មានបស់ក្រុមហ៊ុន គ្រីសអែននីជី (KrisEnergy) ចុះនៅថ្ងៃទី១៥ ខែវិច្ឆិកានេះឲ្យដឹងថា ប្រេងពីតំបន់អប្សរាត្រូវបានគ្រោងនឹងផលិតក្នុងឆមាសទី១ ឆ្នាំ២០២០ ហើយតំបន់នេះត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត ៧៥០០បារ៉ែលក្នុង១ថ្ងៃ។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន PT Profab ដើម្បីផ្គត់ផ្គង់ផ្លាតហ្វមក្បាលអណ្តូងផលិតកម្មខ្នាតតូច សម្រាប់តំបន់ប្រេងអប្សរា ដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់របស់កម្ពុជា។
ជាមួយគ្នានេះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានថ្លែងកាលថ្ងៃទី១៤ ខែវិច្ឆិកាថា កម្ពុជានឹងផលិតដំណក់ប្រេងទី១ ក្នុងពេលដ៏ខ្លីខាងមុខនេះ។«ទន្ទឹមនឹងច្បាប់ប្រេងកាត ដែលទើបបានអនុម័ត នឹងដាក់ឲ្យប្រើប្រាស់នាពេលថ្មីៗនេះ យើងមានគម្រោងប្រេងកាតប្លុក (A) ដែលវិនិយោគដោយក្រុមហ៊ុនគ្រីសអែននីជី (KrisEnergy) មកពីប្រទេសសិង្ហបុរី កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងផលិតកម្ម។ តាមផែនការរបស់ក្រុមហ៊ុន កម្ពុជានឹងផលិតដំណក់ប្រេងទីមួយរបស់យើងក្នុងពេលដ៏ខ្លីខាងមុខនេះ»។

លោកបន្តថា កម្ពុជាមានគម្រោងអភិវឌ្ឍរោងចក្រចម្រាញ់ប្រេងកាតនៅខេត្តព្រះសីហនុ ដែលមានសមត្ថភាពចម្រាញ់សរុប ៥លានតោនក្នុងមួយឆ្នាំ ខណៈកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ហើយរំពឹងថា នឹងអាចចាប់ផ្តើមដំណើរការ ផលិតកម្មដំណាក់កាលដំបូង ដែលមានសមត្ថភាព ២លានតោនក្នុងមួយឆ្នាំនាឆ្នាំខាងមុខ៕