
ភ្នំពេញ៖ ពន្ធនាគារវិនិយោគព្រៃសគម្រោងទី១ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរហើយដែលអាចផ្ទុកអ្នកជាប់ឃុំរហូតដល់ជាង ៤០០នាក់ បន្ទាប់ពីក្រុមហ៊ុន គន្ធ រីខុន ហូលឌីងទទួលបានសិទ្ធិសាងសង់អាគារនេះ ដើម្បីប្រើប្រាស់តាមតម្រូវការ ដោយផ្ទេរអ្នកជាប់ឃុំនៅពន្ធនាគារដែលមានស្រាប់មកពន្ធនាគារថ្មីនេះក្នុងការដោះស្រាយភាពចង្អៀតណែន។
ការបង្ហាញនេះ ក្នុងកម្មវិធីចុះហត្ថលេខាទទួល និងប្រគល់អគារក្រោមអធិបតីភាព លោក ម៉ៅ ប៊ុនណារិន, លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត ចាន់ គីមសេង អគ្គនាយកពន្ធនាគារ, នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកភស្ដុភារ និងខាងតំណាងក្រុមហ៊ុនឯកជន។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយល់ព្រមឲ្យក្រុមហ៊ុន គន្ធ រីខុន ហូលឌីង វិនិយោគសាងសង់អគារស្នាក់នៅ អគារអប់រំកែប្រែអ្នកប្រើប្រាស់គ្រឿងញៀន និងអគារថែទាំសុខភាព សម្រាប់ផ្ដល់សេវាកម្មដោយផ្ដាច់មុខដល់ជនជាប់ឃុំទាំងឡាយ ដែលមានលទ្ធភាពបង់ថ្លៃសេវាដោយស្ម័គ្រចិត្ត ក្រោមរូបភាពសាងសង់ប្រតិបត្តិការ និងផ្ទេរ (BOT) រយៈពេល៤៥ឆ្នាំ ដែលទំហំវិនិយោគសរុបជាង ៤លាន ១សែនដុល្លារ។
លោកបន្តថា ក្រុមហ៊ុនបានដំណើរការសាងសង់ បំពាក់សម្ភារៈ និងបានបញ្ចប់ការងារសាងសង់មួយភាគធំ ព្រមទាំងបានដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីរៀបចំដាក់ដំណើរការពន្ធនាគារនេះ ប៉ុន្ដែដោយមានការណែនាំពី សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចង់ទិញយកគម្រោងវិនិយោគនេះពីក្រុមហ៊ុនវិញ ដើម្បីយកមកអនុវត្តក្នុងក្របខណ្ឌក្រសួងមហាផ្ទៃវិញ ទើបសម្រេចបង្កើតក្រុមការងាររបស់ក្រសួងពិភាក្សា និងសិក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យលទ្ធភាពទិញយកគម្រោងវិនិយោគនេះ។
ក្រោយមកក្រុមហ៊ុន គន្ធ រីខុន ហូលឌីង ក៏បានយល់ព្រមលក់គម្រោងវិនិយោគនេះ មកឲ្យក្រសួងមហាផ្ទៃ និងស្នើសុំប្រគល់សំណង់អគារ សម្ភារបំពាក់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់ និងបំពាក់សម្ភាររួច មកឲ្យក្រសួងមហាផ្ទៃគ្រប់គ្រង និងចាត់ប្រើប្រាស់ទៅតាមគោលបំណងរបស់ក្រសួងមហាផ្ទៃ។
គួរជម្រាបថា រហូតមកដល់ពេលនេះចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ នៅទូទាំងប្រទេសមានជាង ៣៦,៦០០នាក់ ក្នុងនោះស្រីជាង ៣,០០០នាក់ ដែលភាគច្រើនជាបទល្មើសគ្រឿងញៀន។ សម្រាប់ចំនួនអ្នកជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី១ «ម១» មានចំនួន៩,៤៥០នាក់ និងមណ្ឌលអប់រំកែប្រែទី២ «ម២» (ហៅថាគុកព្រៃស) មានចំនួន ១,៨៥៥នាក់។ នេះបើតាមលោក នុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ៕