
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ត្រូវតែទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០១៩ ខណៈម្ចាស់មួយចំនួននៅមិនទាន់បានមកប្រកាសបង់ពន្ធនៅឡើយ បើមិនដូច្នេះអគ្គនាយកពន្ធដារ នឹងសហការជាមួយសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ដើម្បីចុះត្រតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា។
តាមសេចក្តីជូនដំណឹងការរំលឹករលើកទី២ របស់អគ្គនាយកដ្ឋានពន្ធដារស្ដីពី ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៩ បានឲ្យដឹងថា អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ការប្រមូលពន្ធប្រភេទនេះនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
សេចក្ដីប្រកាសបន្តថា ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនស្តីពីការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ហើយ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានមកប្រកាសបង់ពន្ធប្រភេទនេះនៅឡើយ។
អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬធនាគារអេស៊ីលីដា ភីអិលស៊ី ឬធនាគារកម្ពុជាសាធារណៈភីអិលស៊ី ឬធនាគារវឌ្ឍនៈ ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចៀសវាងការកកស្ទះ និងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ដែលអាចនាំឱ្យកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាតាមការកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចជាពិសេស នគរបាលចរាចរណ៍ដើម្បីចុះត្រតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់ការប្រមូលពន្ធ៕