តើភាគីពាក់ព័ន្ធ និយាយអ្វីខ្លះ ពីវិស័យសំណង់ នឹងអចលនទ្រព្យឆ្នាំ២០២០?

ភាគីពាក់ព័ន្ធ នឹងក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា បានបង្ហាញពីភាពរឹងមាំនៃវិស័យអចលនទ្រព្យនៅកម្ពុជា ហើយអះអាងថា វិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ២០២០ នឹងនៅតែល្អប្រសើរ មិនខុសគ្នាពីឆ្នាំ២០១៩ ប៉ុន្មានឡើយ។ តើមានកត្តាអ្វីខ្លះ ដែលនឹងជំរុញឲ្យវិស័យនេះ រីកចំរើននៅឆ្នាំ២០២០?

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជាបានបង្ហាញពីភាពរឹងមាំរបស់ខ្លួនជាបន្តបន្ទាប់ ពិសេសក្នុងរយៈពេល ៤-៥ ឆ្នាំចុងក្រោយនេះ ដោយមានកំណើនជាមធ្យមក្នុងរង្វង់ពី ១៥-២០ ភាគរយ ជារៀងរាល់ឆ្នាំ។ ភាពរឹងមាំនេះបណ្តាលមកពីកត្តាសំខាន់ៗមួយចំនួនដូចជា កត្តាស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច កំណើនប្រាក់ចំណូលប្រជាជនក្នុងស្រុក កំណើនការវិនិយោគផ្ទាល់ពីបរទេស និងជាប្រទេសស្ថិតនៅចំកណ្តាលតំបន់អាស៊ាន។
អ្នកជំនាញអចលនទ្រព្យរូបនេះបញ្ជាក់ថា «ខ្ញុំមិនបានមើលឃើញពីសញ្ញានៃការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅកម្ពុជាទេនាពេលនេះ ដោយកំណើននេះនឹងបន្តកើនក្នុងរយៈពេលយ៉ាងតិច ៥-១០ ឆ្នាំទៅមុខទៀត»។

លោកបានអះអាងបន្តថា កំណើនថ្មីៗនេះ មិនមែនមានត្រឹមតែតួលេខនៃការបណ្តាក់ទុនវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពនៃការទិញ-លក់ និងសាងសង់ គឺឡើងព្រមគ្នា។ ដោយឡែក សម្រាប់ឆ្នាំ ២០២០ លោករំពឹងថា កំណើនតម្លៃអចលនទ្រព្យនឹងស្ថិតក្នុងរង្វង់ជាង ១០ ភាគរយបន្ថែមទៀត ពិសេសនៅតំបន់ជាយក្រុងភ្នំពេញ ខេត្តព្រះសីហនុ កំពត និងសៀមរាប ហើយបន្ទាប់ពីនោះ វិស័យអចលនទ្រព្យនឹងមានសម្ទុះខ្លាំងនៅក្នុងខេត្តបាត់ដំបង និងកោះកុង។

យោងតាម របាយការណ៍ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងតាមរបាយការណ៍ស្តីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» កាលពីថ្ងៃទី៣ ខែមករា បានឲ្យដឹងថា វិស័យសំណង់នឹងនៅតែជាសសរស្តម្ភមួយនៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២០។

ធនាគារជាតិនៃកម្ពុជា សរសេរនៅក្នុងរបាយការណ៍ថា៖មានកតាលីករ២សំខាន់ ដែលជួយជម្រុញឲ្យវិស័យសំណង់ និងអចលនព្រទ្យឆ្នាំ២០២០ បន្តកើនឡើង គឺនិន្នាការកើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត ដែលធាតុចូលទាំងពីរនេះ គឺជាការឆ្លុះបញ្ចាំងវិស័យសំណង់ និងអចលនទ្រព្យបន្តកើនឡើង។
ធគារជាតិបានឲ្យដឹងបន្តថា សម្រាប់ឆ្នាំ២០២០ ការនាំចូលសម្រាប់ផ្គត់ផ្គង់ដល់វិស័យសំណង់ ត្រូវបានព្យាករមានតម្លៃប្រមាណជាង ២ ៣០០ លានដុល្លារ។ ជាងនេះទៀត ការព្យាកររបស់ធនគារជាតិនៃកម្ពុជា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៧ភាគរយ នៅឆ្នាំ២០២០៕

អត្ថបទ៖ ហ្សាលីន