មន្ត្រីក្រសួងដែនដី ព្រមាន​ចាត់​ការ​អ្នក​លក់​ដីឡូតិ៍​គ្មាន​ច្បាប់ ឬ​ដីឡូតិ៍​ខ្យល់

ភ្នំពេញ៖ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​រៀបចំ​ដែនដី​ថ្នាក់ជាតិ លោក ប៉ែន សុផល នៅ​ព្រឹក​ថ្ងៃទី ២៥ ខែកញ្ញា​នេះ បាន​អះអាងថា មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នកលក់​ដី​ឡូ​តិ៍​ទាំងឡាយ​ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ ឬ​ហៅថា​អ្នកលក់​ដី​ឡូ​តិ៍​ខ្យល់។

ការព្រមាន​នេះ នៅក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ ប្រកាស​ស្តីពី​ការអភិវឌ្ឍ​ដី បន្ទាប់ពី​ការ​ពុះ​ដី​ឡូ​តិ៍លក់ ហាក់​មាន​ភាពអនាធិបតេយ្យ​យ៉ាងខ្លាំង និង​មិនត្រូវ​ត្រូវ​តាមច្បាប់ ខណៈដែល​លោក​ត្រូវបាន​គេ​អ​ញ្ញើញ​អធិបតី​តំណាង​ឲ្យ​កម្មវិធី​ទាំងមូល​នៅ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

លោក ប៉ែន សុផល បាន​ថ្លែងថា បច្ចុប្បន្ន​ក្រសួង​បានអនុម័ត​សេចក្ដីប្រកាស​ការអភិវឌ្ឍ​ដី​នេះ ហើយ​ត្រូវ​បានដាក់​ឲ្យ​អនុ វត្ត​នាពេល​នេះដែរ។ ចំពោះ​ឈ្មួញ​ដែល​រកស៊ី​ការជួញដូរ​ដីធ្លី ឬ​មាន​ដី​ធ្វើ​ជា​គ្រោង​អភិវឌ្ឍ​ន៍ដី​ទាំង​អ​ស់ ​​រួម​ទាំង​​ការ​ពុះ​ដី​ឡូ​តិ៍ និង​គម្រោ​ង​​ខនដូ​នានា ម្នាស់​កម្មសិទ្ធិ​ត្រូវតែ​សុំច្បាប់​អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី សាលាខណ្ឌ/ស្រុក ឬ​សាលា​រាជធានី/ខេត្ត ​ទៅតាម​ទំហំ​ដី​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​បញ្ជាក់ថា៖«នៅក្នុង​ប្រកាស​ហើយនឹង​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​ទៀត​របស់​ក្រសួង​ទីមួយ​វា​ជា​បទដ្ឋាន​គតិយុត្ត​ទាក់​ទង​ទាំងអស់ ទាំង​វិស័យ​ឯកជន និង​វិស័យ​វិជ្ជាជីវៈ ហើយ​គ្រប់​ទាំង​សាធារណៈ និង​ឯកជន ត្រូវតែ​គោរព​តាម​គោល​ការ​ណ៍​​ច្បាប់ និង​បទដ្ឋាន​គតិយុត្តជា​ធរមាន។ ក្នុងករណី ដែល​យើង​មិន​គោរព​តាម​ក្រសួង គឺមាន​តែ​ការ​ដាក់​ទណ្ឌ​កម្ម​»​។

ក្រៅ​ពី​ការព្រមាន​ដាក់ទណ្ឌកម្ម​ដល់​អ្នកលក់​ដី​ឡូ​តិ៍​បោកប្រាស់​ទាំងអស់នោះ មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​អំពាវនាវឲ្យ​អ្នក​ទិញ​​ដី​ទាំងអស់​ ត្រូវតែ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់ចំពោះដី​ដែល​ខ្លួន​ត្រូវ​ទិញ​នោះ ថាតើវាជា​ដី​ដែលមាន​ការចុះបញ្ជី​ច្បា​ស់​លាស់ និង​មិនមែនជា​ដី​ដែល​បាន​លក់​រួចហើយ។

លោក ប៉ែន សុផល បាន​បញ្ជាក់ថា៖«អញ្ចឹង​ហើយ​បាន​ក្រសួង​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាទូទៅ​ច្បាប់​ភូមិ​បាល​បានកំណត់​ច្បាស់លាស់។ ជាគោលការណ៍​ច្បាប់​ភូមិបាល បានផ្តល់​កម្មសិទ្ធិ ហើយ​រាជរដ្ឋាភិបាល​បានរៀបចំ​ប្រព័ន្ធ​ចុះបញ្ជីទីមួយ​ មានការ​ចុះបញ្ជី​ជា​ប្រព័ន្ធ បន្ទាប់មក​គោលដៅ​អនុវត្តនៅ​ទូទាំង​ប្រទេស ហើយ​ទី២ការចុះបញ្ជី​ដាច់​ដោយ​ឡែក។ អញ្ចឹង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ពិនិត្យមើល​មុននឹង​ទិញ ថា​ដី​នោះ​ពិតជា​មានការ​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​​ជា​ដី​របស់​អ្នក​ដែល​បាន​លក់ពិតប្រាកដដែរទេ»។

ការអំពាវនាវ និង​ប្រមាន​ចាត់វិធានការ​នេះ បន្ទាប់ពី​ធ្លាប់មាន​ទំនាស់​ដីធ្លី​ជាច្រើន​ចេញពី​ការបោកប្រាស់ ឬ​មាន​ឈ្មួញ​ខិលខូច​ប្រកាស​លក់​ដីឡូតិ៍​ខ្យល់ ឬ​ធ្វើ​សកម្មភាព​គ្មាន​ច្បាប់​ត្រឹមត្រូវជាមួយពលរដ្ឋទូទៅ៕

ដោយ: ហៃ សិរី