អ្នកជំនាញអាល្លឺម៉ង់សន្យាជួយកៀរគរអ្នកវិនិយោគខ្លួនមកបណ្ដាក់ទុនក្នុងវិស័យរ៉ែ និងប្រេងកាតនៅកម្ពុជា

0

ភ្នំពេញ៖ រដ្ឋ​មន្ត្រីក្រសួង​រ៉ែ និង​ថា​ពម​ពលលោក ស៊ុយ សែម បានស្នើ​​​ភាគី​អ្នកជំនាញការ​អាល្លឺម៉ង់ ជួយកៀរគរ និង​ផ្សព្វផ្សាយដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​អាល្លឺម៉ង់ឱ្យ​មក​ចាប់អារម្មណ៍​លើ​ការ​វិនិយោ​គ​វិ​ស័យ​​រ៉ែ និង​​​ប្រេងកាត ខណៈ​កម្ពុជា​នៅសល់​តំបន់​ស្វែង​រុករក​ជាច្រើននៅលើ​វិស័យ​ទាំងនេះ​។​

​​លោក ស៊ុយ សែម ​បានលើកឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជាកាល​ថ្ងៃទី​២៣ ខែ​មករានេះ​ថា កន្លងមក ​រដ្ឋាភិបាល​អាល្លឺ​ម៉ង់​តែងតែ​ជួយ​កម្ពុជា ជាពិសេស​ផ្តល់​ជំនួយឥតសំណង ប្រាក់កម្ចី​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​ថាម​ពល​​ដូចជា វិស័យ​ថាមពល​អគ្គិសនី​ជនបទក្នុងការ​ពង្រីក​បណ្តាញ និង​ការងារ​ថ្មីៗ​ទៀត​។

លោកបន្តថា ក្នុងនោះ​ចំពោះ​វិស័យ​រ៉ែ​វិញ កន្លងមកអាល្លឺម៉ង់​មាន​អ្នក​ជំនាញ​បច្ចេកទេស​យ៉ាង​ច្បាស់​លាស់ ព្រោះ​នៅ​ប្រទេស​អាល្លឺម៉ង់មាន​ក្រុមហ៊ុន​ជាច្រើន​វិនិយោគ​នៅលើ​វិនិយោគ​នេះ​។

លោកបន្ថែមថា ចំពោះ​នៅ​កម្ពុជា​វិញ បច្ចុប្បន្ន​ក៏មាន​ក្រុមហ៊ុន​អាល្លឺម៉ង់ចង់​បន្ត​ពិនិត្យ​លទ្ធភាព​ក្នុងការ​វិនិយោគ​ប្រភេទ​រ៉ែផ្សេង​​​ទៀត​ ជាពិសេស​រ៉ែ​លោហៈ​នៅ​ភូមិភាគ​ឥ​សាន្ត​ជាដើម ខណៈ​មាន​ក្រុមហ៊ុន​អាល្លឺម៉ង់​ជាច្រើន កំពុង​បាន​វិនិយោគ​នៅ​ប្រទេស​ឡាវ ដែលជា​ប្រទេស​នៅជាប់​តំបន់​គ្នា។​

​​​ចំពោះ​វិស័យ​ប្រេងកាត​ លោករដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏បានស្នើ​តាមរយៈលោកឯកអគ្គរដ្ឋទូត ជួយ​ផ្សព្វផ្សាយ និង​កៀរគរដល់​បណ្តា​ក្រុមហ៊ុន​នៅ​ប្រទេស​អាល្លឺម៉ង់ឲ្យ​ងាក​មក​ចាប់អារម្មណ៍​វិនិយោ​គ​​លើ​​វិស័យ​ប្រេងកាត​​ ខណៈ​កម្ពុ​ជាមាន​នៅសល់​តំបន់​ប្រេងកាត និង​ឧស្ម័ន​ក្នុង​ដែនទឹក​ចំនួន ៤ ប្លុក និង​ប្លុក​ដែន​គោក​ផ្សេងៗ​ទៀត​។

លោក Christian Berger ​បានលើកឡើងថា ពាក់ព័ន្ធ​ប្រេងកាត នាពេល​កន្លងមកនេះ មាន​ក្រុមហ៊ុន​អាល្លឺម៉ង់​ជា​ច្រើន បាន​ជួប​ប្រឈម​នឹង​បញ្ហា​ការ​ស្វែង​រុករក​ប្រេងកាត​នៅ​ដែនសមុទ្រ ដែលមាន​នៅក្នុង​ដែន​ជម្លោះ​ប្រទេស​វៀតណាមជាមួយ​ប្រទេស​ចិន​។

លោកនឹង​ខិតខំ​ប្រឹងប្រែង​ជួយ​កៀរគររក​អ្នកវិនិយោគ​មកបោះទុនវិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ក្នុង​នោះ​​នៅពេ​ល​មាន​អ្នកវិនិយោគ​មកពី​ប្រទេស​អាល្លឺម៉ង់ លោកសុំឱ្យភាគីកម្ពុជា​ជួយ​បន្ត​កិច្ចសហការ​ឱ្យ​​បានល្អ ដើម្បី​ជំរុញ​ភាពជោគជ័យ​នៅ​គ្រប់​គម្រោង​វិនិយោគ​ទាំងអស់​នៅ​កម្ពុជា​៕

អត្ថបទ៖ហ្សាលីន

LEAVE A REPLY

Please enter your comment!
Please enter your name here