ក្រុមហ៊ុនចិនលំដាប់យក្សមួយ កំពុងសម្លឹងកន្លែងវិនិយោគបែបវិទ្យាសាស្ត្រ និងឧទ្យានកែច្នៃបែបធម្មជាតិនៅកម្ពុជា

ប្រទេស​ចិន៖ ក្រុមហ៊ុន Lingnan Eco & Culture Tourism Co., Ltd ដែល​កំពុង​សាងសង់​មជ្ឈមណ្ឌល​ទេស​ចរ​ណ៍​​បែប​ស្រមើ​ស្រ​ម៉ៃ​វិទ្យាសាស្ត្រ​នៅតាម​ជ្រលង​ភ្នំ​តុង​គ័ង​ហ្វ័​រ​ហ៊​ង ក្នុង​ខេត្ត​គួ​យ​ចូ​វ កាលពី​ថ្ងៃទី២៥ ខែកញ្ញា​នេះ ក្រុម​ហ៊ុន​​បាន​សិក្សា​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​មួយ ដើម្បី​ដាក់​គម្រោង​និ​យោគ​បែបនេះ ជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់​ទាញ​​ថ្មី​មួយ​នៅ​តំបន់​ទេសចរណ៍​ណាមួយ​នៅ​កម្ពុជា។

ការបង្ហាញ​គម្រោង​នេះ បន្ទាប់ពី​ក្រុមហ៊ុន​បាន​អ​ញ្ញើញ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​ទស្សនកិច្ច​សិក្សា​ស្វែងយល់ និង​ពិភាក្សា​ការងារ​លើ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​បែប​ទំនើប​នៅ​ជ្រលង​ភ្នំ​ស្រមើស្រមៃ​បែប​វិទ្យាសាស្ត្រ (Oriental Scientific Valley) ដែលជា​គម្រោង​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន​ចិន​ខាងលើ។

តាម​គេហៈទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​កម្ពុជា​កាលពី​ថ្ងៃទី ២៦ ខែកញ្ញា​នេះ បាន​បង្ហាញថា លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​លោក Song Yanjun ប្រធាន​ក្រុមហ៊ុន ដែល​បាន​អញ្ជើញ​ប្រតិភូ​កម្ពុជា​មក​ទស្សនា​ដោយផ្ទាល់ និង​កោតសរសើរ​ចំពោះ​បច្ចេកទេស និង​សមត្ថភាព​របស់​ក្រុមហ៊ុន ដែល​អាច​សាងសង់​មជ្ឈមណ្ឌល​ទេសចរណ៍​បែប​ស្រមើ​ស្រ​ម៉ៃ​វិទ្យាសាស្ត្រ​នេះ នៅ​ផ្ទៃដី​ទំហំ ១៣៥ហិកតា នៅតាម​ជ្រលង​ភ្នំ​តុង​គ័ង​ហ្វ័​រ​ហ៊​ង របស់​ខេត្ត​គួ​យ​ចូ​វ ក្នុងនោះ​រួមមាន​ដូចជា សួន​កម្សាន្ត​បែប​វិទ្យាសាស្ត្រ​ស្រមើ​ស្រ​ម៉ៃ យាន្ត​អវកាស​ក្រៅ​ភព និង​សំណង់​ស្ថាន​អាវ​កាស បែប​ស្រមើ​ស្រ​ម៉ៃ​គ្រប់​ប្រភេទ (UFOs and Spaceships) មនុស្ស​យន្ត​សប្ប​និម្មិត​ដ៏​ធំជាងគេ​បង្អស់​នៅក្នុង​ប្រទេស​ចិន ដែល​មាន​កម្ពស់ ៥៥ម៉ែត្រ និង​ទម្ងន់ ១៣០តោន ទីលាន​លេង​កីឡា​ទំនើប​បែប​ស្រមើ​ស្រ​ម៉ៃ និង​ភោជនីយដ្ឋាន ហើយ​ក្រុម​ហ៊ុន​​នឹងមាន​គម្រោង​សាងសង់​សណ្ឋាគារ​ផ្កាយ​លំដាប់៥ នាពេល​អនាគត។

បន្ទាប់មក ប្រតិភូ​កម្ពុជា​ក៏បាន​បន្តទៅ​សិក្សា​ស្វែងយល់​ពី​ការរៀបចំ​ឧទ្យាន​កែច្នៃ​បែប​ធម្មជាតិ​គ័ង​ហ៊រ (Quanhu Park​) ដែល​ស្ថិតនៅ​កណ្តាល​ភាគខាងត្បូង​របស់​ស្រុក​បេ​យន់ ទីក្រុង​គួ​យ​យ៉ាង ដែលមាន​ទំហំ​ផ្ទៃដី ៩០ហិកតា ដោយ​រៀប​ចំ​​សួន​ច្បារ​ច្នៃប្រឌិត​ដ៏​ស្រស់ស្អាត​នៅ​ជុំវិញ​បឹង និង​ភ្នំ ដែល​តំបន់​នេះ​ពីមុនមក​គឺជា​ទីលាន​ចាក់សំរាម​ផងដែរ។

លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ ចំពោះ​ផែនការ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា និង​រងចាំ​ជួយ​សម្របសម្រួល​បង្ក​លក្ខ​ណៈ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​នៅ​កម្ពុជា ដើម្បី​ឈានទៅ​ធ្វើ​គម្រោង​និ​យោគ​បែបនេះ ជា​ផលិត​ផល​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី​មួយទៀត នៅ​តំបន់​ទេសចរណ៍​ណាមួយ​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ជា​តិ និង​អន្តរជាតិ និង​សម្រាប់​យុវជន​ជំនាន់​ក្រោយ៕

ដោយ: ហៃ សិរី