គ្រឹះស្ថានផ្តល់ឥណទាន និងអាជីវកម្មប្តូរប្រាក់ចំនួន៩ ត្រូវធនាគារជាតិនៃកម្ពុជាប្រកាសឲ្យបិទ

ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី២៦ ខែកញ្ញា នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ស្ដីពី​ការ ដកហូត​អាជ្ញា​បណ្ណ​ក្រុមហ៊ុន, គ្រឹះស្ថាន​ឥណទាន​ជនបទ និង​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម​ប្ដូរប្រាក់ ពី​ស្ថាន​ប័ន​ចំនួន៩ បន្ថែមទៀត ខណៈ​កាលពី​ថ្ងៃទី ០៥ កញ្ញា​កន្លងទៅ​បានប្រកាស​ឲ្យ​បិទ​ស្ថាន​ប័ន​ទាំងនេះ​ចំនួន ២៦ ផងដែរ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចុះ​ថ្ងៃទី ២៦ ខែកញ្ញា​នេះ បាន​បង្ហាញថា ការដកហូត​អាជ្ញា​បណ្ណ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ចំនួន១, មោឃភាព​វិ​ញ្ញាប​ន​ប័ត្រ របស់​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន៥, អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម​ប្តូរប្រាក់​ចំនួន២ និង​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ប្តូរប្រាក់​ចំនួន។

ស្ថាប័ន​ដែល​ត្រូវបាន​ធនាគារជាតិ​នៃ​កម្ពុជា ដកហូត​អាជ្ញា​បណ្ណ​ទាំង៩នោះ​រួមមាន៖ ១៖ ដកហូត​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ឈ្មោះ ឡឺ រ៉ូ​ស៊េ ហ្វា​យ​នែ​នស​ល លី​ស៊ី​ង ភីអិលស៊ី។ ២៖ គ្រឹះស្ថាន​ឥណទាន​ជនបទ​ឈ្មោះ ចំរើន ចំរើន ហ្វា​យ​នែ​ន ម.ក។ ៣៖ គ្រឹះស្ថាន​ឥណទាន​ជនបទ​ឈ្មោះ អេ​ច អូ អ អេស ក្រេ​ឌី​ត ម.ក។ ៤៖ គ្រឹះស្ថាន​ឥណទាន​ជនបទ​ឈ្មោះ មិត្តភាព ហ្វា​យ​នែ​ន ម.ក។ ៥៖ គ្រឹះស្ថាន​ឥណទាន​ជនបទ​ឈ្មោះ ហ្វ៊ែ​រ ឃែ​ភី​ថ​ល ម.ក។

ក្នុងនោះ ទី៦៖ គ្រឹ​ស្ថាន​ឥណទាន​ជនបទ​ឈ្មោះ សូ​ពន្លឺ ហ្វា​យ​នែ​ន ម.ក។ ៧៖ ដកហូត​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម​ប្តូរប្រាក់​ឈ្មោះ វែ ឃែ​ស​អ៊ិន​ធើ​ណេ​សិ​នណល ឯ.ក យីហោ (ឃែ​ស ឃី​ង)។ ៨៖ ដកហូត​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម​ប្តូរប្រាក់​ឈ្មោះ អេ​ហ្វ​អិ​កស៍ យូ​ណាយ​ធី​ត អ៊ិន​វេស​ម៉ិ​ន ឯ.ក។ និង​ទី៩៖ ដកហូត​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ឈ្មោះ (សុខ ស្រី​ល័​ក្ខ)។

សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារជាតិ​នៃ​កម្ពុជា ទើប​សម្រេច​បិទ​គ្រឹះស្ថាន​ផ្តល់​ឥណទាន​ចំនួន២៦រួចហើយ​ផងដែរ៕

ដោយ: ហៃ សិរី