សមាគមសហព័ន្ធវិនិយោគិនត្រៀមខ្លួន ដើម្បីបដិវត្តឧស្សាហកម្ម ឬឌីជីថរូបនីយកម្ម

ភ្នំពេញ: ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន អះអាងថា ខ្លួន​បានកំណត់​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​របស់ខ្លួន​រួចជាស្រេច ដើម្បី​អនុវត្ត​ការងារ​ឱ្យស្រប​នឹង​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី៤ ឬ​ឌី​ជី​ថ​រូបនីយកម្ម ខណៈ​ពិភពលោក​កំពុង​លិចឡើង​នូវ​ការវិវត្ត​ថ្មី​មួយទៀត ហើយ​កម្ពុជា​ក៏​កំពុង​អភិវឌ្ឍ​ខ្លួន​ឱ្យទាន់​នឹង​ការប្រែប្រួល​ជា​លក្ខណៈ​សកល​មួយ​នេះ​ដែរ។

ការលើកឡើង​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន​លើក​ទី៣ ត្រូវធ្វើឡើង​ក្រោម​អធិបតីភាព​លោក សួន រិន្ទ​ឌី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅ​សណ្ឋាគារ​ហាយ​ស្កា​យ។

លោក​បណ្ឌិត ឡី សុភាព ប្រធាន​នាយក​ប្រតិបត្តិ​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន បាន​បូកសរុប​លទ្ធផល​ការងារ​ជាច្រើន​ដែល​សម្រេចបាន​នាពេល​កន្លងមក ព្រមទាំង​បាន​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើ​ការងារ​មួយចំនួន​រវាង​ថ្នាក់ដឹកនាំ និង​សមាជិកសមាគម ពិ​សេ​គឺ​បានកំណត់​នូវ​ទិសដៅ​ការងារ​អនុវត្ត​បន្ត​នៅពេល​បន្តបន្ទាប់​ទៀត។

លោក​បញ្ជាក់ថា ទិសដៅ​ការងារ​ទាំងនេះ សុទ្ធតែ​ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​នាំមក​នូវ​វ​ឌ្ឍ​ភាព​សម្រាប់​ជាតិ ព្រមទាំង​កិត្យានុភាព និង​កិច្ចសហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ ដោយ​សមាគម​សហព័ន្ធ​វិនិយោគិន បាន​ផ្តោត​សំខាន់​លើ​វិស័យ​វិនិយោគ និង​សេដ្ឋកិច្ច ដែលជា​ផ្នែក​ដ៏​ចាំបាច់​បំផុត​មួយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ។

ចំណែក លោក សួន រិន្ទ​ឌី លើកឡើងថា សមាគម​សហព័ន្ធ​វិនិយោគិន បានកំណត់​នូវ​យុទ្ធសាស្ត្រ​ការងារ​មួយចំនួន​ជា​ចាំបាច់​ទាក់ទង​ទៅនឹង​ការវិវត្ត​ជា​លក្ខណៈ​សកល​ថ្មី​មួយ ដែល​ពិភពលោក​ទើបតែ​ពើបប្រទះ​នាពេល​កន្លងមក នោះ​គឺ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី៤ ដែល​ពាក់ព័ន្ធ​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ប្រព័ន្ធ «ឌី​ជី​ថ​លូ​ប​នីយកម្ម»។

ចំពោះ​ល​ទ្ទ​ផល​ការងារ​ដែល​បាន​អនុវត្ត​កន្លងមក គឺ​សមាគម​សហព័ន្ធ​វិនិយោគិន​បានសម្រេច​នូវ​ការងារ​ជាច្រើន ដូចជា ការបណ្ដុះបណ្ដាល អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​អំពី​នីតិវិធី​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត ក៏ដូចជា​វិធាន​នានា ដល់​សមាជិក​របស់ខ្លួន ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ និង​សុខាភិបាល​នៅ​ទូទាំងប្រទេស ការចូលរួម​ទប់ស្កាត់​ផលិតផល​ក្លែងក្លាយ ផលិតផល​មិន​ស្របច្បាប់ ពិសេស​គឺ​បាន​ចូលរួម​ជំរុញ​យ៉ាង​ផុសផុល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​វិស័យ​សុខាភិបាល ព្រមទាំង​វិស័យ​ពាក់ព័ន្ធ​នានា​ផងដែរ៕

ដោយ ហៃ សិរី