រយៈពេល៩ខែ ឆ្នាំនេះ កម្ពុជាទទួលចំណូលជាង៨៥លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ

ខេត្តសៀមរាប: បើ​គិត​ត្រឹម​រយៈពេល៩ខែ ក្នុង​ឆ្នាំ២០១៨នេះ កម្ពុជា​ទទួលបាន​ចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពី​ការ​លក់​​​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​កើនឡើង១៣ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ២០១៧ ខណៈ​ដក​ចំនួន​ជាតិ ៤លាន​ដុល្លារ​សម្រាប់​ពេទ្យ​គន្ធបុប្ផា។ នេះ​បើតាម​របាយការណ៍​រប​ស់​គ្រឹះស្ថាន​អង្គរ​បានបង្ហាញ​កាល​ពី​ថ្ងៃទី០១ តុលា​នេះ។

របាយការណ៍​បញ្ជាក់ថា នៅ​រយៈពេល៩ខែ​ចាប់ពី​ខែមករា ដល់ កញ្ញា ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរ​បរទេស​ចំនួន ១៩០១៥៦៩​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ កើនឡើង ៨.៤៧ភាគរយ។ ដោយ​ក្នុង​ចំនួន​ចំណូល​ដែល​ទទួល​បាន​​ជាង៨៥លាន​ដុល្លារ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដក​ចំនួន៣,៨០៣,១៣៨ដុល្លារ ឧបត្ថម្ភ​ចូល​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដើម្បី​ទ្រទ្រង់​ដំណើរការ​ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា។

សម្រាប់​បណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ត្រូវបាន​បែងចែក​ជា៣ប្រភេទ​រួមមាន៖ ទី១-ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា១ថ្ងៃ មាន​តម្លៃ ៣៧ដុល្លារ។ ទី២-ប្រភេទ​បណ្ណ​ចូល​ទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង​មាន​សុពលភាព១០ថ្ងៃ និង​ទី៣-ប្រភេ​ទ​​បណ្ណ​ចូល​ទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និង​មាន​សុពលភាព០១ខែ៕

ដោយ: ហៃ សិរី