រដ្ឋមន្ត្រីទេសចរណ៍កំពុងពិភាក្សាដោះស្រាយបញ្ហានៅតំបន់ទេសចរណ៍ខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន កាលពី​ថ្ងៃទី ០១ តុលា​នេះ បាន​ស្នើឱ្យ​អភិបាលខេត្ត និង​រដ្ឋបាល​ក្រុង​ជំ​រុញឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុងព្រះសីហនុ ត្រូវ​បន្ថែម​ក្នុងការ​បំពេញការងារ និង​បន្ថែម​ឧបករណ៍ មធ្យោបាយ សម្ភារៈ​ចាំបាច់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុងការ​ប្រមូល​សំរាម និង​កាកសំណល់ ពិសេស​ត្រូវ​ពង្រាយ​ធុង​ដាក់​សំរាម​នៅ​គ្រប់​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវមាន​ដេប៉ូ​សំរាម និង​ពង្រីក​មធ្យោបាយ​ដឹកជញ្ជូន​សំរាម​ទាំងនោះ​ឱ្យបាន​ជាប់​ជាប្រចាំ។

ការ​ថ្លែង​នេះ បន្ទាប់ពី​បញ្ចប់​ទិវា​ទេសចរណ៍​ពិភពលោក នា​ថ្ងៃទី០១ តុលា​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណ​កម្ម​ធិ​ការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ បាន​បន្ត​ជួបប្រជុំ​ជាមួយ​គណៈកម្មការ​ជា​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្ត​ព្រះសីហនុ ដែលមាន​លោក​អភិបាលខេត្ត យន្ត មីន ជា​ប្រធាន​គណៈកម្មការ លោក​អភិបាលរង​ខេត្ត មន្ទីរជំនាញ និង​អភិបាលក្រុង​ជា​សមាជិក​នៅ​សាលាខេត្ត ដើម្បី​ពិគ្រោះ​យោបល់​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ពាក់ព័ន្ធ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ។

ក្រោយពី​ការរៀបរាប់​ពី​សកម្មភាព​អាជ្ញាធរខេត្ត​នេះ លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ ក៏ដូចជា​មន្ទីរ-ស្ថាប័ន​ជំនាញ នៃ​គណៈកម្មការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ ត្រូវខិតខំ​បន្ថែម​ក្នុងការ​គ្រប់គ្រង​កាកសំណល់​រាវ ជាពិសេស​ចំពោះមុខ​ត្រូវខិតខំ​ទប់ស្កាត់​ឱ្យបាន​នូវ​ទឹក​កខ្វក់​មិនឱ្យ​ហូរ​ចូល​សមុទ្រ សំដៅ​អនុវត្ត​ឱ្យបាន​តាម​ផែនការ ដែល​គណៈកម្មការ​ជាតិ​គ្រប់គ្រង​អភិវឌ្ឍន៍​ឆ្នេរ​បាន​ប្រជុំ​រយៈពេល២ខែ​កន្លងមក។

ដោយឡែក ចំពោះ​បញ្ហា​សំរាម​ក៏​ដូចគ្នា​ដែរ លោក ថោង ខុន ក៏បាន​ស្នើឱ្យ​រដ្ឋបាល​ក្រុង​ជំ​រុញឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុងព្រះសីហនុ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ក្នុងការ​បំពេញការងារ និង​បន្ថែម​ឧបករណ៍ មធ្យោបាយ សំភា​រះ​ចាំបាច់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុងការ​ប្រមូល​សំរាម និង​កាកសំណល់​ក្នុង​ក្រុង ពិសេស​ត្រូវ​ពង្រាយ​ធុង​ដាក់​សំរាម​នៅ​គ្រប់​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវមាន​ដេប៉ូ​សំរាម និង​ពង្រីក​មធ្យោបាយ​ដឹកជញ្ជូន​សំរាម​ទាំងនោះ​ឱ្យបាន​ជាប់​ជាប្រចាំ ព្រមជាមួយ​ការយកចិត្តទុកដាក់​ជំរុញ​ការជួលជុល​ផ្លូវ​ទៅកាន់​កន្លែង​ចាក់សំរាម​ឱ្យបាន​ឆាប់រហ័ស សំដៅ​ធ្វើឱ្យ​ទីក្រុង​ព្រះសីហនុ​ទាំងមូល​ក្លាយជា​ទីក្រុង​ស្អាត​គ្មាន​សំរាម។

ត្រូវខិតខំ​ទប់ស្កាត់​សំណង់​អនាធិបតេយ្យ និង​គ្រប់គ្រង​ការដ្ឋាន​សាងសង់​ឱ្យបាន​ល្អ ពិសេស​ការដឹកជញ្ជូន​បញ្ចេញ​កាកសំណល់​សាងសង់​ឱ្យបាន​ទាន់ពេលវេលា។ ត្រូវរាយការណ៍ជូន​ក្រសួង​ជំនាញ ដើម្បី​សុំ​ជួយ​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​ឲ្យ​បាន​រហ័ស​ក្រោយ​រដូវ​ភ្លៀវ​នេះ។

ខាង​ផ្នែក​ទេសចរណ៍ ត្រូវខិតខំ​សហការគ្នាជាមួយ​ក្រុង និង គណកម្មាធិការ​គ្រប់គ្រង​ឆ្នេរ ធ្វើការ​គ្រប់គ្រង​ឆ្នេរ​ឲ្យ​បានល្អ ខិតខំ​សម្អាត និង​គ្រប់គ្រង​ឆ្នេរ​ខ្សាច់ថ្មីៗ ដើម្បីឱ្យ​ប្រជាជន​បាន​កម្សាន្ត។ ត្រូវ​គ្រប់គ្រង ផ្តល់​អាជ្ញា​បណ្ណ​ទេសចរណ៍​ឱ្យបាន​គ្រប់​មូលដ្ឋាន​អាជីវកម្ម និង​ត្រូវខិតខំ​បណ្តុះបណ្តាល​ធនធានមនុស្ស ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​ការងារ។ អាជ្ញា​រធរ​ខេត្ត ក្រុង និង​មន្ទីរជំនាញ​ត្រូវខិតខំ​គ្រប់គ្រង​ការដាក់​ស្លាក​សញ្ញា​អាជីវកម្ម​ឱ្យបាន​ល្អ​តាម​ការណែនាំ​របស់​ក្រសួង​ជំនាញ។

ថ្វី​ដ្បិត​គណៈកម្មការ​អភិវឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​ខេត្ត​ជួបប្រទះ​នូវ​បញ្ហា​ខ្វះខាត​មួយចំនួន ដូចជា​ធនធានមនុស្ស សម្ភារៈប្រើប្រាស់ ក៏ដូចជា​ថវិកា​ក៏ពិតមែន ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ជំនាញ​ទាំងអស់ ដែល​សមាជិក​នៃ​គណៈកម្មការ​ត្រូវខិតខំ​អនុវត្ត​ការងារ​ជំនាញ​ដែល​ក្រសួង​បានដាក់ចុះ ពិសេស​នៅពេល​សង្កេតឃើញ​មាន​បញ្ហា​មិន​ប្រក្រតី ត្រូវ​រាយការណ៍​ទៅកាន់​ក្រសួង​ជំនាញ ដើម្បី​ធ្វើការ​ណែនាំ​ឱ្យបាន​ទាន់ពេលវេលា ពីព្រោះ​ការរាយការណ៍​ពី​ព័ត៌មាន​ជា​រឿង​ដ៏​ចាំបាច់​បំផុត ដើម្បី​ក្រសួង-ស្ថាប័ន​ជំនាញ មាន​ផែន​ការជួយ​ដោះស្រាយ​ទាន់ពេលវេលា៕

ដោយ: ហៃ សិរី