កម្ពុជា​ត្រៀម​ចំណាយ​ថវិកា ៣០លាន​ដុល្លារ ដើម្បី​ការពារ និង​ទប់ស្កាត់​វីរុស Covid-19

0

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ត្រៀម​ចំណាយ​ថវិកា​ប្រមាណ ៣០លាន​ដុល្លារ​អាមេរិក ដើម្បី​ការពារ និង​ទប់ស្កាត់​វីរុស Covid-19 និង​មេរោគ​ឆ្លង​នានា សម្រាប់​រយៈពេល ៦ខែ ចាប់តាំងពី​បច្ចុ​ប្បន្ននេះ ប៉ុន្ដែ​ប្រសិនបើ​នៅតែ​មិនទាន់​រកឃើញ​ឱសថ​ព្យាបាល​ជំងឺ​នេះ​ទេ រាជរដ្ឋាភិបាល​នឹង​ត្រៀម​កញ្ចប់​ថវិកា​មួយ​ចំនួ​ន​​ថែមទៀត។
តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី០៥ ខែមីនា​នេះ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ក្រុម​កា​រងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន ដើម្បី​បន្ត​ពិនិត្យ​​ដោះ​ស្រា​យ បញ្ហា​របស់​វិស័យ​ឯកជន។


សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប​បញ្ហា​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (Covid-19) ក្រសួងសុខាភិបាល បា​ន​​ចាត់វិធានការ​លើ​ការការពារ ការរីក​រាលដាល​នៃ​វីរុស Covid-19 ព្រមទាំង​គិតគូរ​រក​វិធានការ​ជា​ប្រព័ន្ធ ដើម្បី​ទប់​ស្កា​ត់​បញ្ហា​នេះ ពី​គ្រប់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ តាមរយៈ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ, វិធានការ​ឆ្លើយតប​ប​ន្ទា​ន់, រៀបចំ​គោ​ល​ការណ៍​ណែនាំ ចុះ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ហ្នឹង​កន្លែង និង​វិធាន​ការអប់រំ​ដល់​ប្រជាពលរដ្ឋ។

ដើម្បី​ដោះស្រាយ និង​បង្ការ​បញ្ហា​ដែល​អាច​កើតមាន​ជាយថាហេតុ​ឱ្យ បាន​ទាន់ពេលវេលា​ក្នុង​ស្មារតី​បុ​រេ​សកម្ម ក៏ដូចជា ពង្រឹង និង​បង្កើន​ធនធាន​បន្ថែម ទាំង​ផ្នែក​គ្រូពេទ្យ សម្ភារៈ​ពេទ្យ រៀបចំ​ឧបករណ៍​ស្គេ​នក​ម្តៅ ប្រព័ន្ធគ្រប់គ្រង និង​ភ្នា​ក់​ងា​រ​​ចាំ​ទទួល​ព័ត៌មាន ពាក់ព័ន្ធ​វីរុស​តាមរយៈ​លេខ​ទំនាក់ទំនង បន្ទាន់​លេខ ១១៥ ព្រមទាំង​ពង្រឹង​កិច្ចសហការ​ជាមួយ អ​ង្គ​ការ​សុខភាព​ពិភពលោក (WHO) ជាដើម។
សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា «ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាននិងកំពុង​សហកា​រ​ជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ក្របខណ្ឌ រួម​ជា​វិធានការ និង​យន្តការ​ជា​កញ្ចប់​ពាក់ព័ន្ធ នឹង​ការការពារ​វីរុស Covid-19 និង​​មេរោគ​ឆ្លង​នានា សម្រាប់​រយៈពេល៦ខែ ដោយ​គ្រោង​ចំណាយ​ថវិកា​ជាង ៣០ លាន​ដុល្លារ​អាម​រិ​ក តាមរយៈ​ការ​រៀ​ប​ចំ​បង្កើត​ប្រព័ន្ធ​ការពារ និង​ឧបករណ៍​តាមដាន, រៀបចំ​ទីកន្លែង​ដើម្បី​ទទួលដោះស្រាយ ក៏ដូចជា ស្វែងរក​អ្នក​ដែលមាន​លទ្ធភាព​ឆ្លង​កុំ​ឲ្យ​មាន​ការរីក​រាលដាល សំដៅ​បង្ការ ការពារ និង​ព្យាបាល​ក្នុងករណី​មានការ​ឆ្លង​វីរុស»។
សូមជម្រាបថា ការរីក​រាលដាល​នៃ​វីរុស Covid-19 នៅក្នុង​ពិភពលោក និង​ក្នុង​តំបន់​បាន​ជះឥទ្ធិពល ដល់​សេ​ដ្ឋ​កិ​ច្ច​ក​ម្ពុ​ជា ផ្នែក​ឯកជន​បាន​ស្នើសុំ​ការផ្ដល់​ព័ត៌មាន វិធានការ​របស់​រាជ​រដ្ឋាភិបាល​លើ​បញ្ហា​នេះ ដូចជា​ការរៀបចំ​ជា​ច្បាប់​បទ​ប្ប​ញ្ញ​ត្តិ និង​គោលនយោបាយ សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Covid-19 ប្រសិនបើ​វីរុស​រីក​រាលដាល នៅ​ប្រទេស​កម្ពុជា និង​​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖ ហ្សា​លីន