កម្ពុជាទើបទទួលគម្រោងបង្កើតរោងចក្រថ្មីចំនួន ៤ទៀត សរុបទុនវិនិយោគ ១៧លានដុល្លារ

0

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានសម្រេចអនុញ្ញាតឲ្យគម្រោងបើករោងចក្រថ្មីចំនួន៤ទៀត ដំណើរការក្រោមទុនវិនិយោគ១៧លានដុល្លារព្រមទាំងផ្តល់ឪកាសការងាររាប់ម៉ឺនកន្លែង ដោយនឹងបង្កើតការងារជូនពលរដ្ឋខ្មែររាប់ម៉ឺនកន្លែងនៅតាមបណ្ដារខេត្តមួយចំនួន។
តាមគេហទំព័រហ្វេសប៊ុនផ្លូវការ(Facebook)របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គម្រោងថ្មីទាំង៤ ដែលត្រូវគណៈកម្មាធិការវិនិយោគកម្ពុជា នៃ CDC ទើបបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ក្រុមហ៊ុន TIMBERPACK CARTON CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៦កន្លែង។
ក្រុមហ៊ុន FORTRESS INTERNATIONAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩២៨កន្លែង។
ក្រុមហ៊ុន QI YOU FOOTWEAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៨៣៤កន្លែង។


ក្រុមហ៊ុន TEXSSEL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៣៤កន្លែង៕
អត្ថបទ៖ ហ្សាលីន