ត្រឹម​ពីរ​ខែ​ដើម​ឆ្នាំនេះ អង្ករ​កម្ពុជា​នាំចេញ​ទៅ​អឺរ៉ុប​ជាង ៤១,៣ ពាន់​តោន និង​បន្លែ​ជាង ៣៤,៥ តោន

0

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេ​ង សាខុន បាន​លើកឡើងថា គិត​ត្រឹម​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ២០២០នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​សហភាព​អឺរ៉ុប​មានការ​កើនឡើង គឺ​ចំនួន ៤១,៣ពាន់​តោន និង​ប​ន្លែ​​ប្រមាណ​ជា ៣៤,៥ តោន បើ​ធៀប​នៅ​ដើមឆ្នាំ​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ គឺមាន​ការកើនឡើង​ជា​ង ២១,៧១ ភាគ​រយ​។


ការលើកឡើង​នេះ ក្នុងជំនួប​រវាង​លោក​រដ្ឋ​ម​មន្ត្រី និង​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ស្ដីពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​សហភាព​អឺរ៉ុប និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើ​វិស័យ​កសិកម្ម។
លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ថ្លែងថា ជាការ​កត់សម្គាល់ ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​នៅតែ​បន្ត​មា​នកា​រ​កើនឡើង​គួរ​ជាទី​មោទនៈ ដោយ​ក្នុង​រយៈពេល ០២ខែ ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​នឹង​ឆ្នាំ២០១៩ គឺមាន​កា​រកើ​ន​ឡើ​ង​ជា​​ង ២១,៧១ភាគរយ។


លោក​បន្តថា ទិន្នផល​សរុប​សម្រាប់​រយៈពេល០២ខែ ដើមឆ្នាំ​នេះ គឺ​បាន​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​បាន​ជាង ៤១,៣ ពាន់​តោន និង​បន្លែ​បាន​ប្រមាណ​ជា ៣៤,៥ តោន។ កន្លងមក សហភាព​អឺរ៉ុប បាន​ឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេ​ក​ទេស និង​ហិរញ្ញប្បទាន​ដល់​កម្មវិធី និង​គម្រោង​ជាច្រើន​លើ​គ្រប់​វិស័យ ជាពិសេស​លើ​វិស័យ​កសិកម្ម ដែល​សហភាព​អឺរ៉ុប​​បានផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ជាង ១៤០ លាន​អឺរ៉ូ ដើម្បី​លើកកម្ពស់​ការងារ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ជលផល​ប្រកបដោយ​ចីរភាព និង​និរន្តរភាព។


លោកស្រី Carmen Moreno បាន​ថ្លែងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​តែងតែ​ផ្តល់​កិច្ចសហការ​យ៉ា​ង​​ល្អប្រសើរ​ដល់​ក្រុមការងារ​នៃ​សហភាព​អឺរ៉ុប រួមគ្នា​សម្រេចបាន​សមិទ្ធផល​ជាច្រើន ដែល​សមិទ្ធផល​ទាំងអស់​នេះ​ហើ​យ​​បាននិងកំពុង​ជួយ​ឲ្យ​វិស័យ​កសិកម្ម​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ហើយ​បាន​ចាត់ទុកជា​វិស័យ​មួយ​ដ៏​សំខាន់​ក្នុង​ការ​​ទ្រ​ទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។
លោកស្រី​បន្តថា លោកស្រី​ឯកភាព​ចំពោះ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី ពិសេស​លើ​ការជំរុញ​ទំនើបកម្ម​កសិកម្ម ការធ្វើ​ពិពិធ​កម្ម​កសិកម្ម​លើ​មុខ​ដំណាំ​អាទិភាព និង​ការលើកកម្ពស់​ការអភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ រួច​ជាមួយ​កា​រប្រែ​ប្រួ​ល​អាកាសធាតុ។
លោកស្រី​បាន​ចាត់ទុកជា​អាទិភាព​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​គាំទ្រ​ដល់​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម។ ដូច្នេះ លោ​ក​​ស្រី​​ជឿជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹង​សហការ​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​រៀបចំ​កម្មវិធី និង​គ​ម្រោ​ង​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រថ្មីៗនេះ៕