គ្រាមានអាសន្ធធំ ជប៉ុនផ្តល់ជំនួយជាង ៣០០លានដុល្លារ សម្រាប់ដំណើរការគម្រោងសំខាន់ចំនួន៥ នៅកម្ពុជា

0

ប្រមុខរដ្ឋាភិបាកម្ពុជា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាម៉េរិក)ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាថ្ងៃទី២៤ ខែមីនា នាវិមានសន្តិភាព។

លិខិតប្តូរសារ ត្រូវបានចុះហត្ថលេខាដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន៣គម្រោង និង ឥណទានសម្បទាន ចំនួន២គម្រោង។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា សម្រាប់ជំនួយដែលជាហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងចំនួន៣ ក្នុងនោះរួមមាន៖ ១. គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក)។២. គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីនដែលមានទឹកប្រាក់ចំនួន១.០០០លានយ៉េន (ប្រមាណ៩លានដុល្លារអាមេរិក)។ និងគម្រោងទី៣. គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដែលមានទឹកប្រាក់ចំនួន៣០០លាន យ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក)។

ដោយឡែកសម្រាប់ជំនួយជាឥណទានសម្បទានវិញ ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាសម្រាប់អនុវត្តលើគម្រោងចំនួន២សំខាន់ ក្នុងនោះរួមមាន៖ ១. គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និង សិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ១៦១លានដុល្លារអាមេរិក)។ និងទី២. គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

គួរបញ្ជាក់ថា ត្រូវបានក្រសួងការបរទេសកម្ពុជា អះអាងថា តាមរយៈហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះនឹងជួយលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរផងដែរ៕

អត្ថបទ៖ ហ្សាលីន