
ខេត្តព្រះសីហនុ៖ ក្រសួងទេសចរណ៍បានដាក់ចេញផែនការត្រឹមឆ្នាំ២០២០ ចំពោះអ្នកបម្រើការងារផ្នែកសេវាកម្មទាំងអស់ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលជំនាញឲ្យបាន ៥០% ហើយត្រឹមឆ្នាំ២០២៥ អ្នកបម្រើការងារទាំងអស់ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្រតាមស្តង់ដាអាស៊ានឲ្យបាន ១០០% ដើម្បីសម្រេចបាននូវយុទ្ធនាការ “បុគ្គលិកមួយ ជំនាញមួយ”។
ការបង្ហាញនេះ កាលពីថ្ងៃទី ១២ ខែតុលា ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន” អមដោយសិក្ខាសាលាតម្រង់ទិស “គម្រោងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច (HoKa) ប្រចាំខេត្តព្រះសីហនុ ” នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី តំណាងអាជីវកម្មទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន លោកគ្រូ អ្នកគ្រូ និងប្អូនៗ សិស្ស-និស្សិត និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ប្រមាណ ១០០នាក់។
សិក្ខាសាលានេះ មានបំណងផ្សព្វផ្សាយវិជ្ជាជីវៈទេសចរណ៍អាស៊ានដល់អ្នកជំនាញ ជាពិសេសបុគ្គលិកបម្រើការងារក្នុងសេវាកម្មទេសចរណ៍នៅខេត្តព្រះសីហនុ ឲ្យទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់សមត្ថភាព ដោយបើកឱកាសអភិវឌ្ឍជំនាញតាមកម្រិតជាតិ និងអាស៊ាន។
ក្នុងនោះក្រសួងទេសចរណ៍បានប្រកាស គម្រោងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចប្រចាំខេត្តព្រះសីហនុ(HoKA) ដែលជាទម្រង់នៃការបណ្តុះបណ្តាលខាងក្នុង (In-House Training) ដែលត្រូវមានការចូលរួមដោយអាជីវកម្ម និងមានការបណ្តុះបណ្តាលដល់ម្ចាស់ ឬអ្នកគ្រប់គ្រង ដើម្បីចូលរួមបណ្តុះបណ្តាលបន្ត។
កម្មវិធីនេះនឹងចូលរួមបង្កើតធនធានមនុស្សដែលមានសមត្ថភាពបន្ថែម ដើម្បីចូលរួមសម្រេចចក្ខុវិស័យក្នុងការអភិវឌ្ឍជំនាញយុវជនមានជាអាទិ៍៖ ទី១-ត្រឹមឆ្នាំ២០២០ ៥០% នៃអ្នកបម្រើការងារទាំងអស់ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល ទី២-ត្រឹមឆ្នាំ២០២៥ ១០០% នៃអ្នកបម្រើការងារទាំងអស់ ត្រូវទទួលទទួលបានការបណ្តុះបណ្តាលជំនាញ ដែលមានការទទួលស្គាល់វិញ្ញាបនបត្រ ឬសញ្ញាបត្រតាមស្តង់ដាអាស៊ាន ដើម្បីសម្រេចបានយុទ្ធនាការ “បុគ្គលិក មួយជំនាញមួយ” និងទី៣-ត្រឹមឆ្នាំ២០៣០ សម្រេចឲ្យបានគោលដៅការសិក្សាពេញមួយជីវិត កំណើនសេដ្ឋកិច្ច និងការងារសមរម្យ។
សូមបញ្ជាក់ថា វិស័យទេសចរណ៍មានកំណើនយ៉ាងគំហុក ក្នុងអត្រាប្រមាណ ១៣.៨% នៅឆ្នាំ២០១៧ ក្នុងនោះបានបង្កើតការងារប្រមាណ ៦២ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ កម្ពុជាត្រូវការអ្នកជំនាញថ្មីប្រមាណ ២៨ម៉ឺននាក់បន្ថែមទៀត ដើម្បីបម្រើសេវាកម្មប្រកបដោយភាពកក់ក្តៅ និងគុណភាពជូនទេសចរជាតិ-អន្តរជាតិ ព្រមទាំងចូលរួមពង្រឹងសមត្ថភាពអ្នកជំនាញបច្ចុប្បន្នឱ្យឆ្លើយតបទៅនឹងស្តង់ដាជាតិ និងអាស៊ាន៕
ដោយ: ហៃ សិរី