
ដោយ: ហៃ សិរី
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី ១៤ តុលានេះ បានបង្ហាញជំហរការអនុវត្តច្បាប់យ៉ាងតឹងរឹងថា ក្រុមអ្នករកស៊ីដឹកជញ្ជូនលើសទម្ងន់ដែលនាំឲ្យខូចផ្លូវនោះ នឹងមិនមានការបែងចែករវាងអ្នកមាន អ្នកក្រ អ្នកមានអំណាច ឬអ្នកគ្មានអំណាចនោះទេ គឺគ្រប់រថយន្តដែលដឹកលើសទម្ងន់ ត្រូវតែចាត់វិធានការទៅច្បាប់។
ការបង្ហាញជំហរកម្ចាត់រថយន្តដឹកលើសទម្ងន់លើដងវិថីនេះ ក្នុងអំឡុងពេលលោក ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចុះពិនិត្យការជួសជុលផ្លូវជាតិលេខ៤៨ (ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកោះកុង) ដែលផ្លូវនេះរងការខូចខាតដោយសារការដឹកលើសទម្ងន់មួយចំនួន និងមួយចំណែកទៀតដោយសារតែជំនន់ទឹកភ្លៀង។
លោករដ្ឋមន្ត្រីបានលើកឡើងថា រថយន្តដឹកលើសទម្ងន់ទាំងរថយន្តអ្នកមានអំណាច អ្នកគ្មានអំណាច អ្នកមានលុយ អ្នកគ្មានលុយ គឺសុទ្ធតែធ្វើឲ្យផ្លូវខូចខាតទាំងអស់។ លោកថា មន្ត្រីគ្រប់គ្រងការដឹកជញ្ជូនរបស់ក្រសួងសាធារណការ នឹងអនុវត្តន៍តឹងរឹងបំផុតដោយគ្នាការយោគយល់ គ្មានការអន្តរាគមន៍ ឬខ្លាចរអាចំពោះការគំរាមកំហែងរបស់អ្នកមានឥទ្ធិពល និងមានអំណាចនោះឡើយ។
លោកបញ្ជាក់ថា៖«សូមជម្រាបថាអត់មានកាងទេ ឯកឧត្តម សេង ឈួន ចាប់ទាំងអស់ អត់មានថាឡានអ្នកនេះ ឡានអ្នកធំ ឡានអ្នកតូច។ ឡានអ្នកតូចក៏ខូចផ្លូវ ឡានអ្នកតូចក៏ខូចផ្លូវដែរ។ មិនមែនថា ឡានអ្នកធំបើកទៅអត់ខូចផ្លូវទេ អ៊ីចឹងចាប់ទាំងអស់ឡាននរណាក៏ដោយឲ្យតែលើសទម្ងន់កំណត់ គឺយើងខ្ញុំត្រូវតែចាប់ហើយ»។
លោកបានបន្ថែមថា «យើងខ្ញុំមិនអនុញ្ញាតឲ្យមានការរើសអើងរវាងអ្នកដឹកជញ្ជូនតូចតាច ឬក្រុមហ៊ុនដឹកជញ្ជូនធំៗដែលល្មើសច្បាប់ទេ ត្រូវតែអនុវត្តន៍ឲ្យស្មើភាពគ្នា។ ច្បាប់យើងអត់មានធ្វើសម្រាប់អ្នកតូច អ្នកធំ អ្នកមាន អ្នកក្រទេ គឺច្បាប់ត្រូវតែគោរពទាំងអស់គ្នាទូទាំងប្រទេសរបស់យើង»។
ផ្លូវជាតិសំខាន់ៗរបស់កម្ពុជាជាច្រើនដែលខ្ចីថវិកាបរទេសយកមកសាងសង់ក្នុងតម្លៃរាប់រយលានដុល្លារក្នុងមួយខ្សែៗនោះ ត្រូវបានគេមើលឃើញថាតែងឆាបខូចខាតទៅវិញ។ ការខូចខាតនោះមួយផ្នែកធំ គឺបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានអំពាវនាវ និងដាក់ចេញបទបញ្ជាអនុវត្តន៍ច្បាប់ឲ្យបានរឹងរឹងបំផុត និងគ្មានការយោគយល់នោះឡើយទៅលើក្រុមរកស៊ីដឹកជញ្ជូនលើសទម្ងន់ទាំងអស់នោះ។
តាមរូបមន្តគណនាដឹកលើសទម្ងន់ បានបង្ហាញថា រថយន្តមួយគ្រឿងដឹកលើសទម្ងន់កំណត់ ១តោន ស្មើនឹងរថយន្ត ១ពាន់គ្រឿងឆ្លងកាត់លើផ្លូវនោះ ហើយបើរថយន្តមួយគ្រឿង ដឹកលើសទម្ងន់រហូតដល់ទៅ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងបានបើកបរនៅលើផ្លូវនោះ៕