រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ចង់​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​ពី​កម្ពុជា

ដោយ: ហៃ សិរី

ភ្នំពេញ: រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​កំពុង​ពិចារណា​រៀបចំ​គម្រោង​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​មួយចំនួន​ពី​ប្រទេស​កម្ពុ​ជា ដើម្បី​ជំរុញ​កិច្ចសហការ និង​កាត់បន្ថយ​ឱនភាព​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ។

តាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ម្សិលមិញ​ឲ្យ​ដឹងថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​តាមរយៈ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​លោក ស៊ូ​ឌា​មេន ហា​សេង បានបញ្ជាក់​ប្រាប់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​លោក ប៉ាន សូរ​ស័​ក្កិ ថា​ប្រទេស​ឥណ្ឌូណេស៊ី​មានបំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​អាទិភាព​ផ្សេងទៀត​ជាមួយ​កម្ពុជា ខណៈ​លោក​បាន​លើកឡើងថា​រដ្ឋា​ភិ​បាល​លោក​នៅពេលនេះ​កំពុង​ពិចារណា​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត​ពី​កម្ពុជា​ផងដែរ។

ប្រជាជន​ឥណ្ឌូណេស៊ី មាន​ជាង២៦០លាន​នាក់ ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​បំផុត​ទី៤ក្នុង​ពិភពលោក ដែល​ក្នុង​មួយឆ្នាំ​ត្រូវការ​អង្ករ​ដើម្បី​ផ្គត់ផ្គង់​ពលរដ្ឋ​ប្រមាណ៣០លាន​តោន។ ក្នុង​ឆ្នាំ២០១៨នេះ​ឥណ្ឌូណេស៊ី​បាន​ទិញ​អង្ករ​ពី​បរទេស​ប្រមាណ​ជាង២លាន​តោន។

អ្នក​នាំពាក្យ​ក្រសួងកសិកម្ម​លោក ស្រី វុ​ឌ្ឍី ស្វាគមន៍​ចំពោះ​បំណង​របស់​ឥណ្ឌូណេស៊ី​នេះ​ដោយ​ថា​វារឹតតែ​ធ្វើ​ឲ្យ​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ និង​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​កាន់តែច្រើន​ថែមទៀត។

លោក​ថា៖«បញ្ហា​អង្ករ​នេះ​គឺ​យើង​ធ្លាប់បាន​ជួប​ជាមួយនឹង​គាត់ ហើយ​យើង​ក៏​ចង់​ឲ្យ​ឥណ្ឌូណេស៊ី​ហ្នឹង​ទិញ​អង្ករ​ពី​យើង​ឲ្យ​បាន​​ច្រើន​នេះ​គឺជា​ទិសដៅ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ ខ្ញុំ​គិតថា​ប្រសិនជា​ឥណ្ឌូណេស៊ី​មានបំណង​អញ្ចឹង​​គឺ​យើង​ស្វាគមន៍ យើង​នឹងធ្វើ​កិច្ចការ​នេះ​រវាង​វិស័យ​ឯកជន និង​វិស័យ​ឯកជន​ដើម្បី​ធ្វើ​យ៉ាង​មិច​ឲ្យ​មានការ​នាំចេញ​បាន»

លោក Sudirman Haseng ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុ​ជា បាន​យល់ស្រប​ចំពោះ​ការលើកឡើង​នេះ ដោយ​គូសបញ្ជាក់ថា ឥណ្ឌូនេស៊ី​មានបំណង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​អាទិភាព​ផ្សេងទៀត​ជាមួយ​កម្ពុជា ហើយ​នៅ​សប្តាហ៍​ក្រោយ ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូ​នេ​ស៊ី នឹង​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ធុរជន​កម្ពុជា ដែល​ស្វែងរក​ឱកាស​អាជីវកម្ម​នៅ​ទីក្រុង Bandung​ នៃ​ខេត្ត​ចា​វ៉ា​ខាងលិច។

លោក​បន្ថែមថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី កំពុង​ពិចារណា​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត​ពី​កម្ពុជា និង​បាន​ជំរុញ​ពាណិជ្ជករ​ឥណ្ឌូនេស៊ី ចូលរួម​ព្រឹត្តិការណ៍​ពិ​ព​រ័​ណ៍​ភូមិ១ ផលិតផល១ ដែល​គ្រោង​នឹង​រៀបចំ​នៅ​រាជធានី​ភ្នំ​ពេញ​​នៃ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី០៨ ដល់​ថ្ងៃទី១១ ខែធ្នូ​ខាងមុខ ដើម្បី​ជំរុញ​កិច្ចសហការ និង​កាត់បន្ថយ​ឱនភាព​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​អតិបរមា។

បើតាម​ក្រសួងពាណិជ្ជកម្ម ក្នុង​ឆ្នាំ២០១៧ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ២០១៧ មាន​ទំហំ៥៣៩​លាន​​ដុល្លារ​អាមេរិក កើនឡើង​ជាង ២០% បើ​ធៀប​នឹង​ឆ្នាំ២០១៦ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា ទៅ​ឥណ្ឌូណេស៊ី​មាន​ទឹកប្រាក់ ២៦លាន​ដុល្លារ​អាមេរិក និង​នាំចូល​ពី​ឥណ្ឌូណេស៊ី​មាន​ចំនួន ៥១៤លាន​ដុល្លារ៕