
ដោយ: ហៃ សិរី
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន កាលពីថ្ងៃទី១៧ ខែតុលានេះ បានលើកឡើងថា កម្ពុជាកំពុងកំណត់ត្រីវិស័យមួយរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា និងរិះរកវិធានការអន្តរាគមន៍ដោះស្រាយប្រកបដោយតម្លាភាព ស័ក្តិសិទ្ធភាព និងទាន់ពេលវេលា ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥។
ការថ្លែងនេះ ក្នុងសិក្ខាសាលាស្តីពី“El Nino-Southern Oscillation (ENSO), and Enabling the Business in Agriculture (EBA)” ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវត្តមានចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ជាច្រើននៅសណ្ឋាគារ Raffles Le Royal។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងថា លោកបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះធនាគារពិភពលោក ដែលបានរៀបចំ និងដំណើរការអង្គសិក្ខាសាលានាពេលនេះ ដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈមដំណោះស្រាយ ដែលវិស័យសាធារណៈ ឯកជន និងសហគមន៍កសិករជួបប្រទះ ក្នុងការកំណត់ត្រីវិស័យមួយរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា និងរិះរកវិធានការអន្តរាគមន៍ដោះស្រាយប្រកបដោយតម្លាភាព ស័ក្តិសិទ្ធភាព និងទាន់ពេលវេលា ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥។
លោកបន្តថា រដ្ឋាភិបាលបន្តជំរុញបង្កើនសមត្ថភាពស្ថាប័ន និងធនធានមនុស្ស លើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ នៃពូជដំណាំ ពូជសត្វ និងធនធានជលផល ដែលមានលទ្ធភាពបន្ស៊ាំទៅនឹងភាពរាំងស្ងួត ទឹកជំនន់ ការកើនកម្តៅ និងការបំផ្លាញពីជំងឺ និងសត្វល្អិតចង្រៃ ដែលបណ្ដាលមកអំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” ដោយត្រូវពង្រឹងការងារពិសោធន៍ស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) ឱ្យមានសន្ទុះកាន់តែខ្លាំងឡើង៕