CDC អនុម័តឲ្យគម្រោងវិនិយោគថ្មីៗចំនួន៤ទៀត សរុបទុនវិនិយោគជិត១៤លានដុល្លារឲ្យបើកដំណើរការឆាប់ៗនេះ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹងនៅថ្ងៃទី ១០ ខែមេសានេះ ដោយទើបតែអនុម័តគម្រោង វិនិយោគថ្មីៗចំនួន៤ទៀត សរុបទុនវិនិយោគជិត១៤លានដុល្លារ ខណៈបង្កើតការងារជូនពលរដ្ឋកម្ពុជារាប់រយកន្លែងនៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងភ្នំពេញ។

យោងតាមគេហៈទំព័រហ្វេសប៊ុកផ្លូវការ (Facebook) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យនៅថ្ងៃទី១០ ខែមេសានេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ទី១-WORLD BEST FEATHER CO., LTD. គម្រោងបង្កើតរោងចក្រផលិតសំឡីពីរោមសត្វ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២.១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន២៨១កន្លែង។

ទី២-HUA WU GARMENT (CAMBODIA) CO., LTD.គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២២០កន្លែង។

ទី៣-BAO HAO CHANG PACKING CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៦កន្លែង។

ទី៤-T.S SPORT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិឯកភាព ឃុំខ្ចុំត្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន១,៦៤៨កន្លែង៕