ក្រសួងពាណិជ្ជកម្ម​រៀប​ចំ​យុទ្ធសាស្ត្រ​បង្កើន​នាំចេញ​សម្រាប់​ឆ្នាំ ២០១៩-២០២៣

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ម្សិលមិញ​បាន​ថ្លែងថា ក្រសួង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពា​ណិ​ជ្ជកម្ម ក្នុង​គោលបំណង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម ពិពិធ​កម្ម​ទីផ្សារ និង​ផលិតផល​សម្រាប់​នាំចេញ ដោយ​ផ្ដោត​ជា​ចំបង​លើ​​ការធ្វើសមាហរណកម្មរ​បស់​កម្ពុជា​ចូលក្នុង​ទីផ្សារ​ពិភពលោក និង​ជំរុញ​ការចូល​របស់​កម្ពុជា​នៅក្នុង​អង្គការ​ពា​ណិ​ជ្ជ​កម្ម​ពិភពលោក​ក្នុង​ឆ្នាំ២០០៣ ហើយ​បានធ្វើ​បច្ចុប្បន្នភាព​លើក​ទី១ នៅក្នុង​ឆ្នាំ២០០៧។

ការ​ថ្លែង​នេះ កាលពី​ថ្ងៃទី១៧ ខែតុលា​នេះ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង ដើម្បី​ពិនិត្យ​លើ​ឯកសារ​ទស្សនទាន​សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា (Cambodia Trade Integration Strategy – CTIS) ២០១៩-២០២៣ សម្រាប់​អាណត្តិ​ថ្មី​នៃ​រដ្ឋាភិបាល។

លោក​បាន​ថ្លែងថា យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម គឺជា​ឯកសារ​យុទ្ធសាស្ត្រ​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​គោល​បំណង​ជំរុញ​ការធ្វើសមាហរណកម្ម​ពាណិជ្ជកម្ម ពិពិធ​កម្ម​ទីផ្សារ និង​ផលិតផល​សម្រាប់​នាំចេញ។ ឯកសារ​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​រៀបចំ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ២០០១ ដោយ​ផ្ដោត​ជា​ចំបង​លើ​ការធ្វើសមាហរណកម្មរ​បស់​កម្ពុជា​ចូលក្នុង​ទីផ្សារ​ពិភពលោក និង​ជំរុញ​ការចូល​របស់​កម្ពុជា​នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ២០០៣ ហើយ​បានធ្វើ​បច្ចុប្បន្នភាព​លើក​ទី១ នៅក្នុង​ឆ្នាំ២០០៧ ដែល​បាន​បង្កើតជា​សរសរ​ស្ដម្ភ​ចំនួន​បី​នៅក្នុង​យន្ត​ការជំរុញ​ការអភិវឌ្ឍ​ពា​ណិ​ជ្ជកម្ម​មួយ ដែល​ហៅថា អភិក្រម​គ្របដណ្ដប់​លើ​វិស័យ​ពាណិជ្ជកម្ម (Trade SWAp)។

ក្រសួងពាណិជ្ជកម្ម​បាន​បន្ត​សម្រិតសម្រាំង​យុទ្ធសាស្ត្រ CTIS នេះ​ជា​បន្ដបន្ទាប់ ដោយ​បានធ្វើ​បច្ចុប្បន្នភាព​លើក​ទី​ពីរ​នៅ​​ឆ្នាំ២០១៤ ទាន់ពេលវេលា​ជាមួយនឹង​ការចាប់ផ្ដើម ASEAN Economic Community នៅ​ខែធ្នូ ឆ្នាំ២០១។ ប្រ​ធានបទ​របស់ CTIS 2014-2018 គឺ​សង្កត់ធ្ងន់​លើ​កាលានុវត្តភាព និង​បញ្ហា​ប្រឈម​របស់​កម្ពុជា ក្នុងការ​ពង្រីក និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ ព្រមទាំង​សិក្សា​យ៉ាង​លម្អិត លើ​ការធ្វើសមាហរណកម្ម​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ទីផ្សារ​ដទៃ​ទៀត​។

នៅក្នុង​ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានសម្រេច​រៀបចំ​សារជាថ្មី ការធ្វើ​បច្ចុប្បន្នភាព​លើក​ទី​បី​លើ​ឯកសារ​យុទ្ធ​សា​ស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា CTIS 2019-2023 ក្រោម​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​អង្គការ Enhanced Integrated Framework (EIF) ក្នុង​គោលបំណង​សម្រិតសម្រាំង និង​បង្កើតជា​យុទ្ធសាស្ត្រ​មួយ​ដែល​ឆ្លើយតប​ទៅ​នឹង​​បរិបទ​បច្ចុប្បន្ន ក៏ដូចជា​បង្កើតជា​សក​ម្ម​ភាព​អាទិភាព​សម្រាប់​អនុវត្ត​គោលនយោបាយ​ទាក់ទង​នឹង​ពាណិជ្ជកម្ម ដែល​​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ និង​ចក្ខុវិស័យ ២០៣០ របស់​រាជរដ្ឋាភិបាល។

ប្រធានបទ​ចម្បង​សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​លើក​នេះ​គឺ ១) ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការ​វិវត្ត​ចេញពី​ប្រទេស LDC និង ២) ទាញយក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី ជាពិសេស​សេវាកម្ម និង​បដិវត្ត​ឧស្សា​ហ​កម្ម​ទី៤ (Industrial Revolution 4.0)។

នៅក្នុង​កិច្ចពិភាក្សា​នាឱកាស​នោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង​មកពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ក៏បាន​ចូលរួម​យោបល់​មួយចំនួន ដើម្បី​ជាម​តិ និង​ធាតុ​ចូល​បន្ថែម​លើ​ឯកសារ​ទស្សនទាន ដែលជា​ឯកសារ​គោល​សម្រាប់​ការ​ធ្វើ​​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​មួយ​ដែលមាន​បរិ​យា​ប័ន្ន និង​គ្របដណ្ដប់​គ្រប់​ជ្រុងជ្រោយ​លើ​វិស័យ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ទាំងអស់។ ការរៀបចំ​ធ្វើ​បច្ចុប្បន្នភាព​នេះ នឹង​សង្ឃឹមថា​រៀបចំ​ឲ្យ​រួចរាល់​ជា​ស្ថាពរ និង​សម្ពោធ​នៅ​ខែកុម្ភៈ ឆ្នាំ២០១៩ ខាង​មុខនេះ៕

ដោយ: ហៃ សិរី