កម្ពុជា-ថៃ​ដាក់​ផែនការ​ជាច្រើន​ចំណុច ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍

កំពត៖ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា-ថៃ​លើក​ទី២ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា រួមជាមួយ​លោក វី​រ៉ា​ស័ក្តិ កូវ​ស៊ូ​រ៉ាត់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថៃ​បាន​ឯកភាពគ្នា​ដាក់ចេញ​ផែនការធំៗមួយចំនួន ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយគ្នា។

 

កិច្ចប្រជុំ​ធ្វើឡើង​កាលពីពេលថ្មីៗនេះ នៅ​សណ្ឋាគារ ឡឺ បូកគោ​ផា​លេស (ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ)ខេត្តកំពត ភាគី​កម្ពុជា-ថៃ​បាន​ឯកភាព ការជំរុញ​លំហូរ​ទេសចរ​ទស្សនា​គ្នា​ទៅវិញទៅមក​ទាំង​ទេសចរ​កម្ពុជា និង​ទេសចរ​ថៃ ព្រម​ទាំង​​ទេសចរ​មកពី​ប្រទេស​ទី​បី​ទស្សនា​ប្រទេស​ទាំងពីរ។ ការសិក្សា​ទីផ្សារ និង​ការផ្សព្វផ្សាយ​ទេសចរណ៍​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បន្ត​ជំរុញ​សកម្មភាព​ផ្សព្វផ្សាយ​រួមគ្នា «ព្រះរាជាណាចក្រ​ពីរ​គោល​ដៅ​ទេសចរណ៍​មួយ» ចូលរួម​គ្នា​ផលិត​ឯក​សារ​ផ្សព្វផ្សាយ video និង​ការចូលរួម​ការតាំងពិព័រណ៍​ទេសចរណ៍។

ក្នុងនោះ​ភាគី​ទាំងពីរ​អះអាងថា ពាក់ព័ន្ធ​នឹង​វិស័យ​ទេ​សចណ៍​នៅ​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង ដោយ​ឯកភាពគ្នា​ជំរុញ​ខ្សែ​ទស្សនកិច្ច​ដែល​ក្រុម​ជំនាញ​បានរៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​ត្រីភាគី តំបន់ត្រីកោណ​សមុទ្រ​កម្ពុជា ថៃ វៀតណាម និង​​ត្រូវ​ជំរុញ​ទេសចរណ៍​សមុទ្រ ទេសចរណ៍​តាម​នាវា។ ការជំរុញ ការតភ្ជាប់​ការហោះហើរ​ត្រង់​ទៅវិញទៅមក​រវាង​ប្រទេ​ស​​ថៃ ពិសេស​ភាគខាងត្បូង​ថៃ និង​ខេត្ត​ព្រះសីហនុ​ផងដែរ។

 

ភាគី​កម្ពុជា​ស្នើសុំ​ភាគី​ថៃ​ពិចារណា​ជួយផ្ដល់​ការបណ្ដុះបណ្ដាល​ផ្នែក​ជំនាញ​ទេសចរណ៍ ការគ្រប់គ្រង​គោលដៅ​ទេ​ស​ចរ​ណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ពិសេស​ដល់​មន្ទីរ​ទេស​ចរណ៍​នៃ​ខេត្ត​ជាប់​ព្រំដែន។ ភាគី​ថៃ​បាន​ឆ្លើយ​តប​​ការជួយ​ជំរុញ​ការងារ​នេះ ខណៈ​ថៃ​កំពុង​ជួយ​បណ្ដុះបណ្ដាល (តាមរយៈ​ការចុះ​អនុស្សរណៈ​ជាមួយ​ក្រ​សួង​ទេស​ចរ​ណ៍ និង​សាកលវិទ្យាល័យ​រា​ចា​ម៉ាន់​ហ្កា​ឡា ថា​ន់​យ៉ា​បុរី)។

 

បន្ទាប់មក ភាគី​ទាំង​ពីរបាន​គាំទ្រ​ជំរុញ​ការវិនិយោគ​លើ​វិ​ស​យ័​ទេសចរណ៍ កម្ពុជា​បាន​អញ្ជើញ​វិនិយោគិន​ថៃ​ក៏ដូចជា អ្នក​ពាក់ព័ន្ធ​ខាង​ភាគី​ថៃ មក​វិនិយោគ​នៅ​កម្ពុជា និង​ចូលរួម​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ និង​បុណ្យ​​សមុទ្រ​ដែល​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ។ អង្គប្រជុំ​បានអនុម័ត​ផែនការ​សកម្មភាព​រួម​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេស​ចរ​ណ៍​ឆ្នាំ ២០១៩-២០២១ (The Joint Action Plan 2019-2021)។

គួរ​បញ្ជាក់ថា នៅ​ឆ្នាំ២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៥,៦លាន​នាក់ ក្នុង​អត្រាកំណើន ១១,៨%​ធៀប​នឹង​ឆ្នាំ២០១៦ ក្នុងនោះ​ទេសចរ​ថៃ​មាន​ប្រមាណ ៤០ម៉ឺន​នាក់ រីឯ​ទេសចរ​កម្ពុជា​ទៅ​ថៃ​មាន​ប្រមាណ ៨៤ ម៉ឺន​នាក់​។ សម្រាប់៨ខែ​ដើមឆ្នាំ២០១៨នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន ៣.៩៤៩.៧៥៩ កើនឡើង​ចំនួន ១១,៧​% ក្នុងនោះ​ទេសចរ​ថៃ​មាន​ប្រមាណ ២១០.៨២៦នាក់៕

ហៃ សិរី