តួកគីនឹងភ្ជាប់ជើងហោះហើរដឹកអ្នកដំណើរត្រង់មកកម្ពុជាក្នុងពេលឆាប់ៗនេះ

ក្រុង​អ៊ី​ស្ត​ម​ប៊ូល: ប្រទេស​តួ​ក​គី​គ្រោង​នឹង​ភ្ជាប់​ជើងហោះហើរ​ដឹក​អ្នកដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់​ខាងមុខនេះ ខណៈ​តួ​ក​គី​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​របស់​ពិភពលោក ដោយ​ឆ្នាំ២០១៧ តួ​ក​គី​មាន​ប្រជាជន​ធ្វើដំណើរ​ទេសចរ​ចេញ​ក្រៅប្រទេស ចំនួន ១៤.៥លាន​នាក់។

ការបង្ហាញ​នេះ ក្នុង​ពិធី​ចុះ​ហ​ត្ត​លេខា លើ​កិច្ចព្រមព្រាង​ស្តីពី​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការណ៍​វិស័យ​ទេសចរណ៍​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​តួ​ក​គី នៅ​ទីក្រុង​អ៊ី​ស្ត​ម​ប៊ូល (តួ​ក​គី)កាលពី​ថ្ងៃទី ២២ តុលា ២០១៨ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក Mevlut Cavsoglu រដ្ឋមន្ត្រីការបរទេស​តួ​ក​គី ក្រោម​អធិបតី​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម Erdogan ប្រធានាធិបតី​តួ​ក​គី។


តួ​ក​គី​មាន​ប្រជាជន​ប្រមាណ ៨០លាន​នាក់ ដោយ​ក្នុង​ឆ្នាំ២០១៧ មាន​ប្រជាជន​ធ្វើដំណើរ​ទេសចរ​ចេញ​ក្រៅប្រទេស​ចំនួន ១៤.៥លាន​នាក់ ភាគច្រើន​ធ្វើដំណើរ​ទៅកាន់​អឹ​រ៉ុ​ប និង​អាស៊ី (ដែល​ភាគច្រើន​មក​សិង្ហបូរី និង​ថៃ) ក្នុង​ឆ្នាំ២០១៧ ទេសចរ​តួ​ក​គី​មក​កម្ពុ​ជាមាន ៨៥០០នាក់​ក្នុង​កំនើន ២២.៧%។ ឆ្នាំ២០១៧ តួ​ក​គី​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​ជាង ៣២.៤១លាន​នាក់ ក្នុង​កំណើន ២៧,៨៤% ជាមួយនឹង​ចំណូល​ប្រមាណ ២៧ពាន់​លាន​ដុល្លារ​អាមេរិក។

ក្នុង​រយៈពេល៨ខែ ដើមឆ្នាំ២០១៨ តួ​ក​គី​ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ​ជាង ២២លាន​នាក់ នៅ​ឆ្នាំ ២០២៣ តួ​ក​គី​រំពឹងថា នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៥០លាន​នាក់ និង​មាន​ចំណូល​ប្រមាណ៥០ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ទេសចរណ៍។ ទេសចរ​អន្តរជាតិ​ចូលមក​ទស្សនា​តួ​ក​គី ភាគច្រើន​គឺ រុស្សី អា​ល្លឹ​ម៉​ង់ អង់គ្លេស ហ្ស​ក​ហ្សា និង​ប្រជាជន​តួ​ក​គី​នៅក្រៅ​ប្រទេស​ប្រមាណ១៦%។

បច្ចុប្បន្ន Turkish airlines បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​អ៊ី​ស្ត​ម​ប៊ុល​មកកាន់​តំបន់​អាស៊ាន​ភាគច្រើន​តាមរយៈ​ជើងហោះហើរ​មក​ម៉ាឡេស៊ី (រយៈពេល ១០ម៉ោង៣៥នាទី) មក​បាក​កក (រយៈពេល ០៩ម៉ោង៤៥នាទី)មក​សិង្ហ​បុរី (រយៈពេល១១ម៉ោង) មក​ហូ​ជី​មី​ញ(រយៈពេល១១ម៉ោង)។ ប​ច្ច​ប្បន្ន​មន្ត្រីរាជការ​កម្ពុជា កាន់​លិខិតឆ្លងដែន​ធ្វើដំណើរ​ទៅ​តួ​ក​គី​មិន​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ​ទេ (ដូចគ្នា​ទៅនឹង​ប្រទេស​ចិន ជប៉ុន កូរ៉េ)។

កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​កម្ពុជា និង​តួ​ក​គី ដែល​បាន​ចុះហត្ថលេខា នា​រសៀល​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅ​វិមាន​រដ្ឋាភិបាល ( Istanbul )កន្លងមកនេះ បាន​គូសបញ្ជាក់​ច្បាស់​ពី​ការសម្របសម្រួល​ការធ្វើ​ដំណើរ និង​ជំរុញ​ការតភ្ជាប់​តាមផ្លូវ​អាកាស ការសិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​រួមគ្នា ការផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ ស្ថិតិ និង​ឯកសារ​គោលនយោបាយ ច្បាប់​ទេសចរណ៍ ការអភិវឌ្ឍ​មូលធន​មនុស្ស និង​ការបណ្តុះបណ្តាល​ជំនាញ​វី​ជ្ជា​ជីវៈ​ទេសចរណ៍ ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ផ្នែក​សាធារណៈ និង​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ដើម្បី​បង្កើត​បណ្តាញ​ធុរកិច្ច​ទេសចរណ៍ និង​គំរោង​វិនិយោគ​ទេសចរណ៍ និង​ចូលរួម​រាល់​ព្រឹត្តិការណ៍ សិក្ខាសាលា សន្និសីទ និង​កិច្ចប្រជុំ​នានា​ទៅវិញទៅមក។

ក្រោយ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​នេះ និង​កិច្ចព្រមព្រៀង​ស្តីពី​ការមិន​យកពន្ធ​ត្រួតគ្នា​រវាង​គ្នា​នោះ កម្ពុជា​សង្ឃឹមថា នឹង​បានទទួល​ក្រុមហ៊ុន Turkish Airlines ហោះហើរ​ត្រង់​ពី​តួ​ក​គី​មក​កម្ពុជា នៅពេល​ដ៏​ខ្លី​ខាងមុខនេះ។ បច្ចុប្បន្ន​ក្រុមហ៊ុន Turkey Airlines បានធ្វើ​ការហោះហើរ​ត្រង់​មក​កម្ពុជា ប្រចាំ​សប្តាហ៍​ក្នុង​លក្ខណៈ​ជា Cargo។
គួររំលឹកថា តួ​ក​គី និង​កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង​នយោបាយ​ការទូត​តាំងពី​ឆ្នាំ១៩៦៨មកម្ល៉េះ ហើយ​បាន​ភ្ជាប់​លើ​ទំនាក់ទំនង​នយោបាយ​ការទូត​ឡើងវិញ​នៅ​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩។ នៅ​ថ្ងៃទី០១ ខែវិច្ឆិកា​ឆ្នាំ២០១៣ សាធារណរដ្ឋ​តួ​ក​គី​បាន​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ៕

ហៃ សិរី