រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ថា នឹង​បន្ត​ទទួល​ជំនួយ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

ក្រុង​ហ្សឺ​ណែវ: កន្លងមក​កម្ពុជា​បាន​ដើរតួនាទី​ជា​ប្រទេស​សម្របសម្រួល​ក្រុម​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច កាល​ពី​​ឆ្នាំ ២០១៧-២០១៨ និង​ដល់​ឆ្នាំ២០២០ កម្ពុជា​ស្ថិតនៅក្នុង​យន្តការ​ត្រីភាគី​នៃ​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភ​ព​លោក (WTO) ដោយ​សង្ឃឹមថា នឹង​បន្ត​ទទួលបាន​ជំនួយ​ពី WTO បន្ថែមទៀត។

ការបង្ហាញ​នេះ បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Robeto Cavatho Azevedo អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ថ្ងៃ២២ តុលា​នេះ។

ក្នុងជំនួប​ពិភាក្សា​លោក Robeto Cavatho Azevedo បាន​មានប្រសាសន៍ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច ប៉ុន្តែ​ជា​ប្រទេសមួយ​បាន​ក្លាយជា​សមាជិក​រប​ស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​បាន​អនុវត្ត​ដោយ​​ជោគជ័យ ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​នៅក្នុង​ពិភពលោក។

លោក​​អគ្គនាយក​សង្ឃឹម​ថា ទស្សនកិច្ច​របស់​សម្តេច​មកកាន់​ទីក្រុង​ហ្សឺ​ណែវ ពិសេស​មកកាន់​ទីស្នាក់កា​រ​ណ្តា​ល​របស់ WTO​ នៅពេលនេះ គឺ​មិនមែនជា​លើកចុងក្រោយ​នោះទេ។ កិច្ចសហការ​វាង​កម្ពុ​ជា​ជាមួយនឹង​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​នឹងមាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អប្រសើរ​ឡើង ពិសេស​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ទទួលបាន​ការអភិវឌ្ឍ និង​មាន​​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ដទៃទៀត​រួមទាំង WTOផងដែរ។

កម្ពុ​ជាមាន​លក្ខណៈ​សក​ម្ម​របស់ខ្លួន ពោល​ក្នុង​រយៈពេល១៤ឆ្នាំកន្លងមក ថ្វី​ត្បិត​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃទៀត​នោះ កម្ពុ​ជាមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ និង​ជា​ប្រទេស​ទី១ ដែល​បាន​ចាត់តាំង​ឲ្យ​មាន​តំណាង​អចិ​ន្រៃ្ត​យ៍​ពាណិជ្ជកម្ម​របស់ខ្លួន​ប្រចាំ WTO។

លោក​អគ្គនាយក​បន្តថា បច្ចុប្បន្ននេះ កម្ពុជា​មិនមែន​ស្ថិត​នៅក្រៅ​ប្រព័ន្ធ​នោះទេ ពោលគឺ​កម្ពុជា​ស្ថិតនៅក្នុង​ប្រព័ន្ធ WTO ដែល​កម្ពុជា​បាន​ស្វែងយល់ និង​ចាប់យក​ឱកាស​បាន​ច្រើន។ កម្ពុជា​ចាប់យក​ជំនួយ​បច្ចេកទេស​ពី WTO ដែល​ចំណាយ​ទៅ​លើ​ការជួយ​ដល់​កម្ពុ​ជាមាន​ទឹកប្រាក់​ប្រមាណ ៧,៧លាន​ដុល្លា ចន្លោះ​ពី​ឆ្នាំ២០១០ ដល់​ឆ្នាំ២០១៨ ហើយ ក្នុង​រយៈ​ពេល៤ឆ្នាំ​ចុងក្រោយ​នៃ​ការកសាង​សមត្ថភាព​មន្ត្រី​មាន​ចំនួន​រហូតដល់ ៤១១នាក់ ជា​មន្ត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជា ដែល​បានធ្វើការ​បណ្តុះបណ្តាល​នៅ​គ្រប់​សកម្មភាព​របស់ WTO។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់ WTO រយៈពេល១៤ឆ្នាំ​រួច​មក​ហើយ ក្នុង​រយៈពេល​នេះ សម្តេច​សូម​អរគុណ​ចំពោះ WTO សម្រាប់​កិច្ចសហប្រតិបត្តិការ​ទាំ​ង​អស់​ដែល​បានផ្តល់​ជូន​ដល់​​ប្រទេស​កម្ពុជា។

សម្តេច​បន្តថា កន្លងមក​កម្ពុជា​បាន​ដើរតួនាទី​ជា​ប្រទេស​សម្របសម្រួល​កាលពី​ឆ្នាំ២០១៧ ហើយ​នៅ​ឆ្នាំ២០១៨ ដល់​ឆ្នាំ​២០២០ កម្ពុជា​ស្ថិតនៅក្នុង​យន្តការ​ត្រីភាគី​ក្របខណ្ឌ WTO ដោយ​សង្ឃឹមថា កម្ពុជា​នឹង​បន្ត​ទទួលបាន​ជំនួយ​ពី WTO​។ សម្តេច​បន្តថា កន្លងមក​កម្ពុជា​បាន​បើក​ស្ថាន​បេសកកម្ម​របស់ខ្លួន​ប្រចាំ​នៅ WTO បើទោះបីជា​ខ្លួន​ស្ថិតក្នុង​សេ​ដ្ឋ​កិច្ច​មួយ​ដែលមាន​ភាពទន់ខ្សោយ​ពិតមែន តែ​កម្ពុជា​ជំនះ​ក្នុង​ការដាក់​ឲ្យ​មាន​ស្ថាន​ឯកអគ្គរាជទូត​ពាណិជ្ជ​កម្ម​នៅ​ហ្សឺ​ណែវ ដើម្បី​ជួយ​សម្រួល​ការងារ​រវាង​កម្ពុជា​និង WTO៕

ហៃ សិរី