ធនាគារជាតិនៃកម្ពុជាគាំទ្រចំពោះការចរាចរប្រាក់យ៉ន់របស់ចិននៅលើទីផ្សារកម្ពុជា

ភ្នំពេញ: ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី២៥ តុលា​នេះ​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការប្រើប្រាស់​ប្រាក់​យ៉​ន់​របស់​ប្រទេស​ចិន​នៅលើ​ទីផ្សារ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​ធនាគារ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ទេសចរណ៍​ជាដើម។

ការបង្ហាញ​នេះ លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចូលរួម​ជា​អធិបតី​បើក​វេទិកា​ស្តីពី រូបិយប័ណ្ណ​យ៉​ន់​នៅ​កម្ពុជា ដែល​ត្រូវបាន​រៀបចំឡើង​ដោយ ធនាគារ​ចិន​សាខា​ភ្នំពេញ (BOC) រាជធានី​ភ្នំពេញ ដែលមាន​គោលបំណង​បង្ហាញ និង​ពិភាក្សា​អំពី​ការប្រើប្រាស់​ប្រាក់​យ៉​ន់​នៅក្នុង​តំបន់​អាស៊ាន និង​កម្ពុជា ព្រមទាំង​អត្ថប្រយោជន៍​នៃ​ប្រាក់​យ៉​ន់​ចំពោះ​សេដ្ឋកិច្ច។


បើតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ការ​ពីថ្ងៃ​ទី ២៥ តុលា​នេះ​ថា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ទំនាក់ទំនង​កើនឡើង​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រវាង​ប្រទេស​ចិន​និង​កម្ពុជា លោក​ទេសាភិបាលរង​បានបង្ហាញ​ការគាំទ្រ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុងការ​ប្រើប្រាស់​ប្រាក់​យ៉​ន់​តាមរយៈ​ប្រព័ន្ធ​ធនាគារ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ទេសចរណ៍​ជាដើម ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

លោក ស៊ុំ ស​ន្និ​សិទ្ធ បាន​គូសបញ្ជាក់ថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា​បានអនុញ្ញាត​ឱ្យ​ធនាគារ​ប្រទេស​ចិន​ពីរ ធ្វើជា​ធនាគារ​ផាត់ទាត់​ប្រាក់​យ៉​ន់ គឺ​ធនាគារ BOC និង​ធនាគារ ICBC និង​ធនាគារពាណិជ្ជ​នៅ​កម្ពុជា ១៣ ផ្សេងទៀត​ធ្វើ​ប្រតិបត្តិការ​ជា​ប្រាក់​យ៉​ន់ ហើយ​តាមរយៈ​នេះ វិនិយោគិន ពាណិជ្ជករ និង​អ្នកទទួល​ចំណូល​ជា​ប្រាក់​យ៉​ន់ អាច​ទូទាត់ ខ្ចី និង​ដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់​យ៉​ន់ ក្នុង​ប្រព័ន្ធ​ធនាគារ ដែល​អនុញ្ញាតឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា អាច​គ្រប់គ្រង​ចរាចរ​ប្រាក់​យ៉​ន់​បានល្អ​ប្រសើរ និង​រួមចំណែក​ជំរុញ​កំណើន​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​មកពី​ប្រទេស​ចិន៕

ហៃ សិរី