កម្ពុ​ជាមាន​លំហូរ FDI បាន​កើនឡើង១២% ពី២,៤៧ ប៊ី​លានទៅ២,៧៨ប៊ី​លាន​ដុល្លារ​អាមេរិកនៅ​ឆ្នាំ២០១៧

ហៃ សិរី

ទីក្រុង​ហ្សឺ​ណែវ៖ កម្ពុ​ជាមាន​លំហូរ Foreign Direct Investment (FDI) បាន​កើនឡើង ១២% ពី ២,៤៧ ប៊ី​លាន ទៅ​ ២,៧៨ ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ២០១៧ ដែល​ទទួលបាន​តាមរ​យៈ​ការវិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ទូរគម​នាគ​មន៍ អចលនទ្រព្យ និង​កម្មន្តសាល​មិនមែន​វាយនភ័ណ្ឌ។ នេះ​បើតាម​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពា​ណិ​ជ្ជ​កម្ម​​បាន​ថ្លែង​កាលពី​ថ្ងៃទី ២៥ តុលា​នេះ។

ការ​ថ្លែង​នេះ ក្នុងអំឡុងពេល​លោក​រដ្ឋមន្ត្រី​បាន​ចូលរួម​វេទិកា​តុមូល​ថ្នាក់​រដ្ឋមន្ត្រី​ស្ដីពី ការរៀបចំ​គោលនយោបាយ​វិនិ​យោ​គ​សកល​ក្នុង​សតវត្ស​ទី២១ ដែល​រៀបចំឡើង​ក្នុងអំឡុងពេល​នៃ​វេទិកា​វិនិយោគ​ពិភពលោក ២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដោយ​អញ្ជើញ​ចូលរួម​ដោយ​រដ្ឋមន្ត្រី-អនុរដ្ឋមន្ត្រី​មកពី​ប្រទេស​ចំនួន១។

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី ២៦ តុលា​នេះ​បាន​បង្ហាញថា លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​​ក្នុង​អង្គប្រជុំ​ថា តាម​ការវិភាគ​របស់ UNCTAD ឃើញថា​លំហូរ FDI នៅលើ​ពិភពលោក​បាន​ធ្លាក់ចុះ​គួរ ឱ្យ​កត់​សម្គាល់​​ក្នុង​ឆ្នាំ២០១៧ សម្រាប់​កម្ពុជា លំហូរ FDI បាន​កើនឡើង ១២% ពី ២,៤៧ ប៊ី​លាន ទៅ ២,៧៨ ប៊ី​លាន​ដុ​ល្លា​រ​អាមេរិក នៅ​ឆ្នាំ២០១៧ ដែល​ទទួលបាន​តាមរ​យៈ​ការវិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ និង​កម្មន្តសាល​មិនមែន​វាយនភ័ណ្ឌ។

លោក​បន្តថា កម្ពុជា​បានកំណត់​រួចជាស្រេច​នូវ​គោលនយោបាយ​ទាក់ទាញ​ការវិនិយោគ ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​ដោយ​ចីរភាព​រួមមាន (១) គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម ២០១៥-២០២៥ (២) ក្របខ័ណ្ឌ​ច្បាប់ និង​បទបញ្ញត្តិ​សម្រាប់​សម្របសម្រួល ដែល​គាំទ្រ និង​ការពារ​ការវិនិយោគ​បរទេស (៣) ប្រែក្លាយ​ពលកម្ម​ពី​ពលកម្ម​មិនមាន​ជំនាញ មកជា​ពលកម្ម​មាន​ជំនាញ។
លើសពីនេះ កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​រៀបចំ​គោលនយោបាយ​វិនិយោគ​ក្របខ័ណ្ឌ​សកលលោក និង​តំបន់​ដូចជា ASEAN Comprehensive Investment Agreement (ACIA), ជំពូក​ស្ដីពី​វិនិយោគ​នៅក្នុង ASEAN Free Trade Agreement និង RCEP។
លោក​​បន្ថែមថា តាមរយៈ​បទពិសោធន៍ និង​មេរៀនថ្មីៗដែល​ទទួលបាន កម្ពុជា​បានរៀបចំ​គោលនយោបាយ​លើក​ទឹក​ចិត្ត ដែលមាន​ភាព​ប្រទាក់ក្រឡា និង​បើកទូលាយ ជាពិសេស​តាមរយៈ​ការរៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​ទាក់​ទា​ញ​​វិនិយោគិន។ ការធ្វើសមាហរណកម្ម​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ក្នុង​តំបន់ ដោយ​ផ្ដោតលើ​ការបង្កើត​រោងចក្រ និង​ទទួល​បាន​ផលប្រយោជន៍​ពី​មូលដ្ឋាន​ផលិតកម្មធំៗក្នុង​តំបន់ សំដៅ​ការអភិវឌ្ឍ​សមត្ថភាព​តាមរយៈ​ការផ្ទេរ​ចំណេះដឹង និង​បច្ចេក​វិទ្យា។
កម្ពុជា​បានរៀបចំ​ផែនការ​ជាក់លាក់​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ SDGs របស់ខ្លួន ដោយ​ផ្ដោតលើ​ការ​បណ្ដុះ​បណ្ដា​ល​ធ​នធាន​មនុស្ស ពិពិធ​កម្ម​សេដ្ឋកិច្ច ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ទីផ្សារការងារ និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​​ប័ន្ន និង​ចីរភាព៕