រដ្ឋមន្ត្រី​ស្នើ​ក្រុមហ៊ុន​ប្រេង​កាល់​តិច​បង្កប់​សារ​អប់រំ​នៅតាម​ស្ថានីយ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ផ្លូវថ្នល់

ហៃ សិរី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​តំណាង​ក្រុមហ៊ុន Chevron Cambodia បិទ​ផ្សាយ​សារ​អប់រំខ្លីៗ នៅតាម​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ​កាល់​តិច​ទូទាំងប្រទេស​កម្ពុជា ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ផ្លូវថ្នល់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុងមាន​ការកើនឡើង​ឥតឈប់ឈរ​រៀងរាល់ឆ្នាំ។

សំ​ណើ​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន Chevron Cambodia ដឹកនាំ​ដោយ​លោក Shahid Amed នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា ម៉ាឡេស៊ី និង​សិង្ហ​បុរី កាលពី​ថ្ងៃ​សុក្រ ទី០២ ខែវិច្ឆិកា​នេះ នៅ​​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ស្វែងរក​ដំណោះស្រាយ​ទាក់ទង​យន្តការ​កំណត់​តម្លៃ​ប្រេង​នៅ​កម្ពុជា។

 

នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​មូល​ហេតុដែល​នាំឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ផល​ប៉ះ​ពាល់​​ទៅលើ​កំណើនសេដ្ឋកិច្ច និង​បាន​ស្នើសុំ​ក្រុមហ៊ុន Chevron Cambodia ចូលរួម​បិទ​ផ្សាយ​សារ​អប់រំខ្លីៗ នៅតាម​បណ្តា​ស្ថានីយ​ចាក់​ប្រេង​កាល់​តិច ដើម្បី​បញ្ជ្រាប​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ទាក់ទង​បញ្ហា​សុវត្ថិភាព​ផ្លូវថ្នល់ និង​ហា​និភ័យ​ចំពោះ​ការអភិវឌ្ឍ​សង្គម។

លោក​បន្តថា៖«ក្រៅពី​បង្កប់​សារ​អប់រំ​នៅតាម​ស្ថានីយ បុគ្គលិក​ក្រុមហ៊ុន​កាល់​តិច អាច​រម្លឹក​អតិថិជន​ដែល​ចូលមក​ចាក់​សាំង​ថែមទៀត ធ្វើ​ដូចនេះ​បង្ហាញ​ពី​ការទទួលខុសត្រូវ និង​ការគិតគូរ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន ទៅលើ​សុវត្ថិភាព​អតិថិជន និង​សុវត្ថិភាព​ផ្លូវថ្នល់ ហើយ​កាល់​តិច​នឹង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន»។

ទាក់ទង​បញ្ហា​តម្លៃ​ប្រេង លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា កម្ពុជា​ប្រកាន់​របប​សេដ្ឋកិច្ច​ទីផ្សារសេរី និង​បើកចំហរ ដូច្នេះ​ពុំមាន​ការកំណត់​តម្លៃ​លើ​ទំនិញ និង​សេវាកម្ម​ឡើយ ហើយ​ចំណុច​នេះ បានចែង​ច្បាស់​នៅក្នុង​គោលនយោបាយ​គាំពារ​វិនិយោគ​របស់​ក​ម្ពុ​ជា។

ជាការ​ឆ្លើយតប លោក Shahid Amed បាន​ឯកភាព និង​ថ្លែងអំណរគុណ​រដ្ឋមន្ត្រី ដែល​បាន​ចែករំលែក​អនុ​សា​សន៍​ល្អ​ៗ ដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​ប្រេងឥន្ធនៈ​កាល់​តិច។ លោកនាយក​ក្រុមហ៊ុន​រូបនេះ ក៏បាន​សន្យា​ដាក់បញ្ចូល​គំនិត​របស់​រដ្ឋមន្ត្រី ទៅក្នុង​កម្មវិធី​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR) និង​យុទ្ធនាការ​ផ្សព្វផ្សាយ​នានា ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។

ទន្ទឹមគ្នានេះ លោក បាន​សន្យា​នាំមក​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ផលិតផល​ប្រេងឥន្ធនៈ ដែលមាន​គុណភាព​លំដាប់​ពិភព​លោក និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តទំនើបៗ រួមជាមួយ​ឱកាស​ការងារថ្មីៗ ដើម្បី​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម និង​កំ​ណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា៕