
ហៃ សិរី
ភ្នំពេញ: សមាជិករាជវង្សសហព័ន្ធអារ៉ាប់រួមព្រះអង្គម្ចាស់ Amed Dalmook Al Maktoum បានអះអាងថា ព្រះអង្គនឹងផ្តល់ជូនឥណទានកម្ចី (Credit line) ចំនួន 500 លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការនាំទំនិញចូលពីសហព័ន្ធអារ៉ាប់រួម ហើយនឹងសិក្សាលទ្ធផលផ្សេងៗទៀត ដើម្បីធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការថ្លែងនេះ នៅវិមានសន្តិភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សមជិករាជវង្សឌូបៃ សហព័ន្ធអារ៉ាប់រួម។
តាមគេហទំព័រផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រីបានបង្ហាញថា ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum បានគោរពជម្រាបជូន សម្តេចថា ព្រះអង្គមានបំណងចង់ចូលរួមក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើមទំនាក់ទំនង និងការដាក់ទុនវិនិយោគនៅកម្ពុជា។ ព្រះអង្គម្ចាស់ បានបង្ហាញចំណាប់អារម្មណ៍ការវិនិយោគលើប្រព័ន្ធប្រេង ឧស្ម័ន លើពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។
ព្រះអង្គម្ចាស់បានជម្រាបសម្តេចថា នឹងផ្តល់ជូនឥណទានកម្ចី (Credit line) ចំនួន៥០០លានដុល្លារអាមេរិកសម្រាប់ប្រើប្រាស់ក្នុងការនាំទំនិញចូលពីសហព័ន្ធអារ៉ាប់រួម ហើយនឹងសិក្សាលទ្ធផលផ្សេងៗទៀត ដើម្បីធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក៏បានឆ្លៀតគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រីទៅធ្វើទស្សនកិច្ចនៅសហព័ន្ធអារ៉ាប់រួមផងដែរនាពេលខាងមុខ។
ចំពោះសម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណព្រះអង្គម្ចាស់ និងប្រជាជនក៏ដូចជាសហព័ន្ធអារ៉ាប់រួមដែលបានជួយដល់កម្ពុជា ជាពិសេសសម្រាប់អភិវឌ្ឍធនធានមនុស្ស ការកសាងមជ្ឈមណ្ឌលកុមារកំព្រា និងជួយដល់កុមារកំព្រាផង។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យឧស្ម័ន សម្តេចបានស្វាគមន៍ និងមានប្រសាសន៍ថា ក្នុងករណីដែលបានវិនិយោគក្នុងវិស័យឧស្ម័ននេះគឺជួយកាត់បន្ថយក្នុងការកាប់ឈើធ្វើអុសដុត ហើយក៏ជួយក្នុងការ គ្រប់គ្រងធនធានធម្មជាតិដែរ។
សម្ដេចថ្លែងអំណរគុណចំពោះការផ្ដល់ឥណទានកម្ចី (Credit line) ចំនួន ៥០០លានដុល្លារ ដោយបានណែនាំឲ្យពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរកចំណុចណាមួយក្នុងការចាប់ផ្ដើមប្រើប្រាស់ថវិកានេះ ហើយសម្ដេចបញ្ជាក់ថា នឹងពិនិត្យមើលពេលវេលាដ៏សមស្របមួយនឹងទៅធ្វើទស្សនកិច្ចនៅទីនោះ៕