
ហៃ សិរី
ភ្នំពេញ: អត្តពលិកកីឡាវ៉ូវីណាមកម្ពុជាបានក្រសោបមេដាយមាស ប្រាក់ និងមេដាយសំរិទ្ធិសរុបចំនួន ៣៦គ្រឿងពីព្រឹត្តិការណ៍កីឡាវ៉ូវីណាមជ្រើសជើងឯកទ្វីបអាស៊ីលើកទី៤ ឆ្នាំ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីដែលមាន១៧ប្រទេសបានចូលរួមប្រជែងមេដាយ។
លោក អ៊ូ រតនា អនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AKP កាលពីថ្ងៃទី០៦ ខែវិច្ឆិកាពីប្រទេសឥណ្ឌូណេស៊ីថា ព្រឹត្តិការណ៍នេះមាន១៧ប្រទេសចូលរួមប្រកួត ក្នុងចំណោម២០ប្រទេសក្នុងទ្វីបអាស៊ីដែលជាសមាជិកផ្លូវការរបស់សហព័ន្ធវ៉ូវីណាមអាស៊ី។ ជាមួយនឹងការខិតខំនេះបានធ្វើឱ្យកីឡាករ-កីឡាកា រិនីកម្ពុជាបានប្រកួតលើ៣៧ វិញ្ញាសា ហើយឈ្នះមេដាយ ចំនួន៣៦គ្រឿង ក្នុងនោះមេដាយ មាស១១ គ្រឿង ប្រាក់១១គ្រឿង និងសំរិទ្ធិ១៤គ្រឿង ដោយកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ ខណៈម្ចាស់ក្បាច់គុន វៀតណាមឈ្នះមេដាយច្រើនជាងគេ ដោយឈរនៅចំណាត់ថ្នាក់លេខ។
អនុប្រធានរូបនេះអះអាងថា ការប្រកួតនេះមានរយៈពេល៤ថ្ងៃ ដោយសារម្ចាស់ផ្ទះបានរៀបចំឱ្យអត្តពលិកមកពីបណ្តាប្រទេសនានាឱ្យដើរកម្សាន្ត នៅតំបន់ប្រវត្តិសាស្ត្រ នៅកោះបាលីរបស់ ខ្លួននោះទើបការប្រកួត ត្រូវដំណើរការជាង១០ម៉ោង ដោយចាប់ពីព្រឹករហូតដល់ម៉ោង១០យប់។ ក្រុមប្រតិភូវ៉ូវីណាមកម្ពុជានឹងត្រូវវិល ត្រឡប់មកដល់មាតុប្រទេសខ្លួនវិញនាថ្ងៃព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា។
សូមបញ្ជាក់ថា ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាដែលទៅប្រកួតជើងឯកអាស៊ី លើកទី៤ នៅ ឥណ្ឌូណេស៊ី ពេលនេះមានចំនួន២០នាក់ គ្រូបង្វឹក និងគ្រូជំនួយ៥នាក់ គ្រូពេទ្យ២ និងគណៈប្រតិភូ២នាក់៕